ប៉ៃលិន៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើតេស្តរកជម្ងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស ដោយឧបករណ៍ Rapid Test លើលោកគ្រូ អ្នកគ្រូ បន្ទាប់ពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីសុវត្ថិភាពចំពោះសិស្សានុសិស្ស នៅតាមសាលារៀន ដែលបានបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា៖ ដោយអនុវត្តតាមការសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវអោយក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានានៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយដោយឡែកនៅខេត្តប៉ៃលិនយើង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើតេស្តរកជម្ងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស ដោយឧបករណ៍ Rapid Test លើលោកគ្រូ អ្នកគ្រូ ដើម្បីសុវត្ថិភាពចំពោះសិស្សានុសិស្ស នៅតាមសាលារៀន ដែលបានបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ។
លោកប្រធានមន្ទីរ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឱ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចំបង ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា៕
បើតាមការបញ្ជាក់របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀនសរុបចំនួន ៤៣សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ៩៤សាលា ដែលមានសិស្សចាប់ពី បឋមសិក្សា ដល់អនុវិទ្យាល័យ សរុបចំនួន ៦,៦៧១នាក់៕