ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកជំទាវ បាន ស្រីមុំ ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្ត បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងទាំង៣ ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ ជាពិសេស បានកោតសរសើរដល់កងកម្លាំង និងក្រុមគ្រូពេទ្យជំនាញ កងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រជាជន និងប្រទេសជាតិ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពេលក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៏បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីដ-១៩ ផងដែរ។
លោកជំទាវអភិបាលខេត្ត បានជំរុញដល់កម្លាំងទាំង៣ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ ច្រករបៀងត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ និងត្រឡប់ ទៅវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។
សូមបញ្ជាក់ថា នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកជំទាវអភិបាលខេត្ត ក៏បានឧបត្ថម្ភស្បៀងអាហារ ម៉ាស អាល់កុល និងថវិកាមួយចំនួនផងដែរ ៕