ប៉ៃលិន៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលបុណ្យ ប្រពៃណីជាតិខ្មែរ ដោយសារស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត បានអញ្ជើញប្រកេនទេយ្យទាន និងទេយ្យវត្ថុ ព្រមទាំងបច្ច័យ ដល់វត្តទូទាំងខេត្តប៉ៃលិន ដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃក្នុងកាលទេសៈលំបាកនេះ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជារៀងរាល់ឆ្នាំ យើងទាំងអស់គ្នា បានប្រារពពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយធ្វើការបូជាថ្វាយនូវគ្រឿងសក្ការៈ និងធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផល មហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឥស្សរជន និងបុព្វបុរសដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ តែនៅឆ្នាំនេះ ដោយសារស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានផ្អាកមិនអោយប្រារពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារ៉ាមនោះទេ ដែលបណ្តាលអោយវត្តមួយចំនួនខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងទទួលបានជ័យជំនះគ្រប់កាលៈទេសៈ និងរាល់ការលំបាកនានា រួមទាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសផងដែរ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការជាមួយព្រះសង្ឃ និងគណៈកម្មការវត្ត ធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់ពុទ្ធបរិស័ទ អោយចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា៖ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តបានវេរប្រគេនដល់វត្តនីមួយៗ រួមមាន៖ អង្ករ, មី, ទឹកសុទ្ធ, ទឹកស៊ីអ៊ីវ, ត្រីខ និងម៉ាស់ រួមទាំងបច្ច័យ មួយចំនួនផងដែរ៕ អត្ថបទ ៖ ញ៉ឹប បូរី ប៉ៃលិន