ប៉ៃលិន៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ី ហឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន ១៣គ្រួសារ ក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក អ៊ី ហឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍លើកឡើងថា÷ ការជួយគ្នាក្នុងគ្រាលំបាកគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេស បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។
លោកអនុប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា÷ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គឺក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានចុះសួរសុខទុក និងនាំយកអំណោយស្បៀងអាហារ មកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ និងរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារជម្ងឺកូវីដ-១៩ ហើយបើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោក អ៊ី ហឿន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់លោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្កបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសរួមគ្នាអនុវត្តវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានម៉ឺងម៉ាត់ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគម។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ដែលបានទទួលអំណោយ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា មានចំនួន ១៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ និងទឹកបរិសុទ្ធវីតាល់ ១កេស ផងដែរ៕ អត្ថបទៈ ញ៉ឺប បូរី ប៉ៃលិន