ខេត្តប៉ៃលិន ប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
ប៉ៃលិន៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ស្ថិតក្រោមអធិបតីភាព លោក ហែម ឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន។
លោក ហែម ឫទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ដោយយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ត្រូវបានដាក់អោយប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ក្នុងភូមិសាស្រ្តខេត្តដូចជា៖ ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិសាត់, កំពុងឆ្នាំង, កោះកុង, ព្រះសីហនុ, កំពត, កែប, តាកែវ, កំពង់ស្ពឺ, សៀមរាប, ឧត្តមានជ័យ, ព្រះវិហារ, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី,មណ្ឌលគិរី, ព្រៃវែង និងខេត្តស្វាយរៀង។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល អោយបានតាមស្តងដារ និងមានប្រសិទ្ធភាពខ្ពស់ ដូច្នេះអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ជាពិសេសមេភូមិដែលនៅជិតផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋត្រូវក្តាប់ទិន្ន័យអោយបានច្បាស់លាស់ ចំពោះអ្នកកើតជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ដោយឡែកក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ធ្វើការថែទាំ និងព្យាបាលពួកគាត់អោយបានត្រឹមត្រូវ និងបន្តធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយធ្វើការពាក់ម៉ាស់ រក្សាគម្លាត លាងដៃជាមួយសាប៊ូ អាកុលឬជែលអោយបានញឹកញាប់។
លោក ហែម ឬទ្ធី បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីចុះទៅដល់មូលដ្ឋានផ្ទាល់ ក្នុងការធ្វើតេស្តដល់បងប្អូន ដែលព្យាបាលជាសះស្បើយ និងគ្រប់ថ្ងៃធ្វើចត្តាឡីស័ក ជាសវាងការចម្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ បន្តចូលទៅក្នុងសហគមន៍។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តប៉ៃលិនមានអ្នកផ្ទុកជំងឺកូវីដ-១៩ មានអ្នកឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន ២,០៥៧នាក់ (ភាគច្រើនជាពលករមកពីប្រទេសថៃ) បានព្យាបាលជាសះស្បើយចំនួន ១,៧៨២នាក់ ,ស្លាប់ ៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៧០នាក់៕