ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានបើកកិច្ចប្រជុំមួយ រវាងរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ចេង ញ៉ាន់ និង ឯកឧត្តម ហុក សុផល អភិបាលរងខេត្តជាតំណាង ជាមួយនឹងម្ចាស់ភាគហ៊ុនផ្សារសាមគ្គី ហៅផ្សាប៉ាហ៊ី ដែលស្ថិតនៅក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមាន ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលមានភាគហ៊ុនច្រើនបំផុត និងជាម្ចាស់ដីទីតាំងផ្សារសាមគ្គីបច្ចុប្បន្ន ព្រមទាំងមានការចូលរួមពីម្ចាស់ភាគហ៊ុនផ្សារសាមគ្គីសរុបចំនួន៧២ នាក់ ផ្សេងទៀតផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការផ្លាស់ប្ដូរផ្សារសាមគ្គីទៅកាន់ទីតាំងថ្មីនេះ គឺក្នុងគោលបំណងអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យមានការរីកចំរើនប្រែមុខមាត់ថ្មីថែមមួយកម្រិតទៀត ដោយសារផ្សារថ្មីនេះ មានទីតាំងធំទូលាយ លើផ្ទៃដី៤ហិកតា, ត្រឹមត្រូវតាមស្តង់ដាកំណត់ , មានអនាម័យ , មានសុភ័ណភាព និងមានសណ្តាប់ធ្នាប់ សុវត្ថិភាពខ្ពស់ បើប្រៀបធៀបនឹងផ្សារសាមគ្គីចាស់។ លោកជំទាវបានមានប្រសាសន៍បន្តថា ផ្សារលក់ទំនិញ ក៏ជាផ្នែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅក្នុងខេត្តផងដែរ។ ដូច្នេះផ្សារនេះ ត្រូវតែមានសោភ័ណភាពស្អាត មានអនាម័យ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពខ្ពស់។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ដោយឡែកទីតាំងផ្សារសាមគ្គីចាស់នេះ នឹងត្រូវអភិវឌ្ឍជាសួនសាធារណៈរបស់រដ្ឋ ជាទីតាំងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បីសុខភាព និងអាចជាទីតាំងនៃផ្សាររាត្រី សំរាប់លក់ទំនិញ ចំណីអាហារ នៅពេលយប់ របស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលមានភាគហ៊ុនច្រើនបំផុត និងជាម្ចាស់ដីទីតាំងផ្សារសាមគ្គីបច្ចុប្បន្នបានមានប្រសាសន៍ថា ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ីនេះ បានបង្កើតឡើងចាប់តាំងពីសមាហរណកម្មជាមួយរាជរដ្ឋាភិបាលមកម្លេះ ក្រោមការចូលរួមភាគហ៊ុនពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមួយចំនួនទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ផ្សារសាមគ្គីនេះបានកសាងនៅលើដីរបស់ឯកឧត្តមផ្ទាល់ ហើយឯកឧត្តមក៏មានភាគហ៊ុនច្រើនបំផុត នៅក្នុងផ្សារនេះផងដែរ។ សម្រាប់ឯកឧត្តមផ្ទាល់ ស្ម័គ្រចិត្តបរិច្ចាគនូវភាគហ៊ុនផ្សារ ព្រមទាំងទីតាំងដីផ្សារសាមគ្គីបច្ចុប្បន្ននេះ សម្រាប់ធ្វើជាសួនសាធារណៈរបស់រដ្ឋ។ ដោយឡែកម្ចាស់ភាគហ៊ុនដទៃទៀត អាចដកភាគហ៊ុនដែលជាចំណែករបស់ខ្លួន ឬក៏ន្ថែមទុន សម្រាប់ចូលរួមជាមួយនឹងផ្សារថ្មីបន្តទៀតក៏បានដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ម្ចាស់ភាគហ៊ុនផ្សារសាមគ្គី ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះចំនួន ៧២រូប បានឯកភាពឲ្យមានការសាងសង់ផ្សារថ្មីជំនួសផ្សារសាមគ្គីចាស់ និងសម្រេចចិត្តដកនូវភាគហ៊ុនរបស់ខ្លួនវិញ ឈប់បន្តអាជីវកម្ម ដើម្បីទុកដីទីតាំងផ្សារសាមគ្គីចាស់នេះសំរាប់រដ្ឋបាលខេត្ត អភិវឌ្ឍជាសួនសាធារណៈរបស់រដ្ឋ៕ ដោយ វួច ពឿន AKP ប៉ៃលិន