ខេត្តត្បូងឃ្មុំ ៖ រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត ។
ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ ។
ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជា ទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។
ក្នុងនោះដែរ ក្នុងនាមអាជ្ញាធរថ្នាក់ដឹកនាំ ក៏ដូចជា មន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលមកកម្រាន្តតំបន់នេះរួមគ្នារៀបចំ ថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់មកសម្រាកលំហែកាយនៅទីនេះ ៕