ខេត្តកំពង់ស្ពឺ ៖ កំពង់ស្ពឺគឺជាខេត្តមួយដែលជាប់ឈ្មោះល្បីសម្បូរទៅដោយដើមត្នោតច្រើនជាងគេក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនោះខេត្តកំពង់ស្ពឺក៏សម្បូរទៅដោយកន្លែងទេសចរណ៍ជាច្រើនដែលបង្កប់ខ្លួននៅក្នុងព្រៃយ៉ាងជ្រៅធ្វើឲ្យអ្នកដែលបានឃើញមានចិត្តចង់ទៅលេង និងទៅកម្សាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ។
បើយើងធ្វើដំណើរពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ មកកាន់ខេត្តកំពង់ស្ពឺ ចំងាយ៤៨គីឡូម៉ែត្រ យើងនឹងមកដល់ភ្លើងស្តុបមួយនោះ គឺភ្លើងស្តុបច្បារមន ហើយពីផ្លូវបំបែកស្តុបច្បារមន រហូតដល់រង្វង់មូលដំរី ផ្សារកន្ទួត មានចំងាយ៥១គីឡូម៉ែត្រ រួចហើយបន្តដំណើរពីរង្វង់មូលផ្សារកន្ទួត ដល់ស្នាក់ការបរិស្ថាន ភូមិតាំងបំពង មានចំងាយ៣៧គីឡូម៉ែត្រ។
នៅទីនោះ គឺជាទីកន្លែងដែលសម្បូរទៅដោយអ្នកស្គាល់ផ្លូវឡើងទៅកាន់តំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេងថ្មីមួយទៀតនោះ គឺខ្នងក្រពើ ដែលលាក់ខ្លួននៅជិតខ្នងផ្សារ ហើយក៏មានសម្រស់ស្រស់ត្រកាលគួរអោយចង់គយគន់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធដែលបង្ហើរចេញពីផ្កាព្រៃទាំងឡាយនៅទីនោះ។
កន្លែងកំសាន្តថ្មីនោះ គឺខ្នងភ្នំមួយដែលមានដុំថ្មក្រឡាដូចក្រពើ កំពុងបង្អួតសម្រស់ទាក់ទាញដល់ក្រុមអ្នកចូលចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងសូមជូនរូបភាព អំពីសម្រស់ធម្មជាតិមិនឆ្ងាយពីកំពូលភ្នំខ្នងផ្សារ គឺមានទិដ្ឋភាពមួយបែបផ្សេងគ្នាពីខ្នងផ្សា និងខ្នងស្រូវ ដោយបរិយាកាសដ៏ពិសិដ្ឋនេះបង្កើតនូវអារម្មណ៍ប្លែកមួយកម្រិតទៀត សម្រាប់ទេសចរណ៍ផ្សងព្រេង… ចូលចិត្តធម្មជាតិ។
បើតាមមន្ត្រីមន្ទីរទេសចរណ៍មួយរូប បានប្រាប់ផងដែរថា ពីមុនក្រុមអ្នកទេសចរណ៍ភាគច្រើន គឺមកលេងខ្នងផ្សា និងខ្នងស្រូវ តែឥលូវនេះគឺគេនាំគ្នាទៅលេងខ្នងក្រពើម្តង។ ទេសភាពនៅខ្នងក្រពើនេះ មានសម្រស់ស្រស់ត្រកាលគួរជាទីមនោរម្យ និងទាក់ទាញចិត្តបំផុត ។ ហើយកន្លែងទីតាំងថ្មីដែលអ្នកទេសចរណ៍ទើបតែជួបប្រទះនេះ ត្រូវបានប្រសិទ្ធនាមថា ខ្នងភ្នំក្រពើ។
មន្ត្រីដដែលបន្តថា ហើយភាគច្រើនអ្នកដែលមកទេសចរណ៍ គឺមកជាក្រុម ហើយបោះតង់សម្រាក បើនិយាយពីការហូបចុកវិញគឺអ្នកទាំងនោះមុនពេលឡើងមក គឺត្រូវត្រៀមស្បៀងមកដោយខ្លួនឯង ព្រោះនៅទីនោះមិនមានអ្នកលក់ម្ហូបអាហារឡើយ។