ប៉ៃលិន៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋដែលមានហានីភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ ធ្វើការពិនិត្យពីលទ្ធភាព និងចាប់ផ្តើមបើកអោយដំណើរការ ការបង្រៀន និងរៀន ឡើងវិញ នៅតាគ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបើកអោយដំណើរការសាលារៀនឡើងវិញនេះ គឺចាំបាច់ត្រូវអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាកុល ឬ ជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំអោយមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ ហើយលោកជំទាវ ក៍បានអំពាវដល់ក្មួយៗសិស្សានុសិស្ស ដែលមានអាយុ ៦ឆ្នាំ រហូតដល់ ១២ឆ្នាំ និងមាតាបិតា ឬអាណាព្យាបាល សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានជំរាបជូន ដូចជា៖ ១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ ៣-មណ្ឌលសុខភាពភ្នំស្ពង់ និង៤-មណ្ឌលសុខភាពភ្នំព្រាល ចាប់ពីម៉ោង ៨ព្រឹកតទៅ។
បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀនសរុបចំនួន ៤៣សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ៩៤សាលា ដែលមានសិស្សចាប់ពី បឋមសិក្សា ដល់ អនុវិទ្យាល័យ សរុបចំនួន ៦,៦៧១នាក់ ហើយក្នុងមួយថ្នាក់ៗ ដាក់សិស្សត្រឹមតែ ចំនួន ១៥នាក់ ទៅ២០នាក់យ៉ាងច្រើន៕