រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។
តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។
កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។
អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ បានធ្វើឱ្យទីនោះមិននៅឯកោទៀតឡើយ ។
កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រការ៉េ ហើយកាលពីពេលថ្មីៗនេះ ខាងមន្ទីរទេសចរណ៍ខេត្ ក៏បានរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍មួយនៅដែនកោះស្តេចនេះ ប៉ុន្តែដោយសារតែមិនដំណើរការក៏បានលុបចោលវិញ ។
ទោះបីជាកោះស្តេចមើលទៅមានលក្ខណៈអំណោយផលយ៉ាងខ្លំាងខាងវិស័យទេសចរណ៍របស់ខេត្តក៏ដោយ ក៏ដែនដីកោះប្រកបដោយសម្រស់ធម្មជាតិមួយនេះ គឺមិនមានអ្វីសម្បូរបែបក្រៅតែពីផ្ទះអ្នកនេសាទសមុទ្ររស់នៅយ៉ាងមានរបៀបរយ សង់តម្រៀបលើកោះប្រមាណជា ២០០ គ្រួសារ ។ នៅទីនោះមានបឹងកាឡូសម្រាប់ភ្ញៀវទេសចរស្នាក់នៅ រួមទាំងការលក់ដូរម្ហូបអាហារបន្តិចបន្តួច និង ដើមរុក្ខជាតិដុះលម្អពណ៌បៃតងខ្ចី ។ការទៅកម្សាន្តនៅលើដែនកោះ ដ៏ស្រស់បំព្រងនេះ លោកអ្នកនឹងបានសប្បាយជាមួយការងូតទឹកសមុទ្រ មើលផ្កាថ្ម និង ប្រឡែងលេងជាមួយហ្វូងមច្ឆាសមុទ្រ តូចៗ និង ដើរលើឆ្នេរខ្សាច់ក្នុងអារម្មណ៍មួយដ៏រំភើប ។
កោះស្តេចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានឆ្នេរខ្សាច់វែង និង ជាតំបន់សម្បូរទៅដោយប្រព័ន្ធជីវចម្រុះមានផ្កាថ្ម តី្រសមុទ្រ និង ធម្មជាតិយ៉ាងស្រស់ត្រកាល នៅពេលភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះ ហើយចុះទឹកជម្រៅពី ១ ម៉ែត្រ ទៅ ២ ម៉ែត្រ នឹងអាចមើលឃើញផ្កាថ្មជាច្រើនប្រភេទនៅក្នុងតំបន់នោះ ៕