ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយកទីចាត់ការ មន្ត្រីរាជការសាលាខេត្ត អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយធ្វើការឆ្លុះបញ្ចាំងអំពីសមិទ្ធផលសម្រេចបានឆ្នាំ២០២៤ អំពីផែនការសកម្មភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៥ និងសមទ្ធិផលដែលសម្រេចបានអស់រយៈពេលមួយឆ្នាំ របស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់នៃខេត្តប៉ៃលិន ដែលបានលើកឡើងក្នុងអង្គសន្និបាតដែលបានធ្វើអស់រយៈពេល២ថ្ងៃនេះ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា៖ ផ្អែកតាមលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងបណ្ដាបញ្ហាប្រឈមលើវិស័យនានាក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ជារួមអង្គសន្និបាតបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ហើយជាមួយនោះ អង្គសន្និបាតក៍បានប្ដេជ្ញាចិត្តរួមគ្នាដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥នេះ ដោយប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ដើម្បីឆ្លើយតបគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការដោះស្រាយតម្រូវការក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ហើយការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារ បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ គឺ៖ ទី១.ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែល សម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍជារួម និងទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ក្នុងឱកាសនោះដែរ ឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៍បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលខេត្តប៉ៃលិន គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបង្ការទប់ស្កាត់ និង បង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរក្នុងសង្គម។ ខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឱ្យមានអំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ។ ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ។ ត្រូវពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់, ជម្លោះ និងការទាមទារតវ៉ានានា ដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ណែនាំ, បែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការរស់នៅ, ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានប៉ៃលិន ក៍បានផ្តល់ប័ណ្ណសរសើ និងថវិកា លើកទឹកចិត្តដល់មន្ត្រីរាជការ និងកងកម្លាំង ដែលសកម្មក្នុងការបំពេញការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឆ្នាំ២០២៤ ផងដែរ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី