ប៉ៃលិន៖ ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងងថា៖ បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យ ឱ្យមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី និងការរៀបចំស្តង់ពិពរណ៌។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីបនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបើអាចសូមបងប្អូនធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះក្នុងទឹកទៀតផង ម៉្យាងវិញទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការ នឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ៕
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នឹងចូលរួម ពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅស្ទឹងតារាប ដោយមានការចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណី ដោយឥតគិតថ្លៃ ពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចផងដែរ៕
អត្ថបទ៖ លោក ញ៉ឹប បូរី