ប៉ៃលិន ៖ ភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តប៉ៃលិនកើនជាងឆ្នាំមុន បើតាមការបញ្ជាក់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន គែក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយ៍ដ្ឋាននានា ក្នុងខេត្ត សរុប ចំនួន ៩៤,២០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៧,៩៧៩នាក់ រីឯចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ២៥,១៤%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាលខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោក លឹម វាសនា បានបន្តថា៖ រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងខេត្ត និងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះស្ថានភាពទូទៅវិញ ឃើញថាមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីកម្លាំងនគរបាលទេសចរណ៍ អធិការដ្ឋានក្រុង/ស្រុក ប៉ុស្តិ៍នគរបាលឃុំ/សង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារភូមិ ចំណែកក្នុងមូលដ្ឋានអាជីវករ មានការយកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវា ជាពិសេសការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី