ប៉ៃលិន៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលជាក់ស្តែង ដល់ទីតាំង នូវការងារសំណង់ ជាគម្រោងរបស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្ត ដែលទទួលការសាងសង់ដោយ សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្ត្រាកសិន សឺវីស មុននឹងធ្វើការប្រគល់-ទទួល ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោងសំណង់ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តប៉ៃលិននេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្ត ជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ព្រមទាំងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រីជំនាញ និងក្រុមហ៊ុនទទួលសាងសង់ ត្រូវសហការគ្នា ដោយធ្វើយ៉ាងអោយសំណង់មានគុណភាព ធានាដល់ការប្រើប្រាស់យូអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។
សូមបញ្ជាក់ថា៖ ការងារសំណង់ ដែលជាគម្រោងរបស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ទទួលការសាងសង់ដោយ សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្ត្រាកសិន សឺវីស រួមមាន៖ ការងារជួសជុលបន្ទប់សង្គ្រោះបឋម និងបន្ទប់យាមបុគ្គលិកនៅមណ្ឌលសុខភាពភ្នំស្តង់ ,ធ្វើរបងនៅមណ្ឌលសុខភាពស្រែអន្ទាក់ ,ជួសជុលឃ្លាំងឱសថ និងបន្ទប់ប្រជុំ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន, ការងារចាក់ដីបំពេញទីធ្លា នៅមណ្ឌលសុខភាពអូរចិតប្រាំ និងមណ្ឌលសុខភាពផ្សារព្រំ,ការងារជួសជុលបន្ទប់សង្គ្រោះបឋម និងបន្ទប់យាមបុគ្គលិក នៅមណ្ឌលសុខភាពផ្សារព្រី និងមណ្ឌលសុខភាពអូរចិតប្រាំ ដោយប្រើប្រាស់កញ្ចប់ថវិកា ចំនួន ៦៧៦ ៦៧០ ០០០រៀល ៕
អត្ថបទ៖ លោក ញ៉ឹប បូរី