ប៉ៃលិន៖ លោកជំទាវបណ្ឌតិ បាន ស្រីមុំ ឣភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណ:បញ្ជាការឯក ភាព រដ្ឋបាលខេត្ត ដើម្បីពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលពិធីបុណ្យ ភ្ជុំបិណ្ឌ (ភ្ជុំធំ) នាពេលខាងមុខ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាល ក្រុង ស្រុក, លេខាធិការដ្ឋាន, និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ។
លោកជំទាវបណ្ឌតិ បាន ស្រីមុំ ឣភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ សូមអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ហើយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី តែងតែត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ ដូច្នេះកងកម្លាំងសមត្ថកិច្ច ត្រូវឈរនៅតាមគោលដៅសំខានៗ និងទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរលើដងផ្លូវ កុំឱ្យមានការកកស្ទះ ជាពិសេសត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តផងដែរ។
លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅតាមបណ្តាអធិការដ្ឋាន នគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេង ៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយ ការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ លោក ញ៉ឹប បូរី