ប៉ៃលិន៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ មានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អ ស្រស់ស្អាតជាងគេបំផុតនៅក្នុងខេត្ត ដោយមានទឹកជ្រោះថ្លាឆ្វង់ ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ រហូតដល់ ៧ជាន់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ពេលភ្ញៀវទេសចរណ៍ចូលទៅលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀតផង៕
បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងធ្វើការស្ថាបនាផ្លូវឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដោយចាក់បេតុងអាមេ ប្រវែងជាង ២ពាន់ម៉ែត្រ ព្រមទាំងកែរលម្អសោភ័ណភាពបន្ថែម ធ្វើសួនច្បារ ដាំផ្កាភ្ញី និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន ចំណែកដើមឈើហូបផ្លែធំៗ ដូចជា៖ ដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម គឺទុកសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត នាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បាន ស្រីមុំ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធនានា ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ផ្លូវគមនាគមន៍ទៅកាន់រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ គឺមានផ្លូវក្រាលកៅស៊ូ ១ខ្សែរស្ថាបនារួចរាល់ ១០០% ប្រភេទ DBST មាន ទទឹង ២០ម៉ែត្រ ប្រវែងជាង ៥គីឡូម៉ែត្រ ចាប់ពីចំនុចផ្លូវជាតិលេខ ៥៧ រហូតដល់កុងត្រូលច្រកចូលរម្មណីយដ្ឋាន និងផ្លូវបេតុងអាមេ ១ខ្សែរ មាន ទទឹង ៨ម៉ែត្រ ប្រវែង ២គីឡូម៉ែត្រ ដែលកំពុងស្ថាបនា បន្តពីផ្លូវក្រាលកៅស៊ូ រហូតដល់រម្មណីយដ្ឋានតែម្តង ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលជាកត្តាជួយជំរុញកំណើនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តប៉ៃលិន។
អត្ថបទ៖ លោក ញ៉ឹប បូរី