ប៉ៃលិន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅក្នុងខេត្ត ព្រមទាំងចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផងដែរ។
ជាកិច្ចស្វាគមន៍លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ សមស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមបន្តខិតខំបំពេញតួនាទីតាមជំនាញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ បើទោះបីបំពេញការងារនៅទីណាក៏ដោយ ដើម្បីស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យនៅគៀកជាមួយប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តប៉ៃលិន និងទូទាំងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៍បានមានប្រសាសន៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងធ្វើការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាលនៅខេត្តប៉ៃលិន និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសណ្តាប់ធ្នាប់, សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស ដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាដល់ការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានពិនិត្យ និងព្យាបាលជម្ងឹជូនប្រជាពលរដ្ឋ ដោយមិនខ្លាចពីការនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ គឺនៅតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាល។
បើតាមរបាយការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣៕
អត្ថបទ៖ លោក ញ៉ឹប បូរី