ក្នុងសម័យកូវីដនេះ តើអ្នកបានចំណាយពេលអានសៀវភៅឬទេ? ខណៈដែលការមានទម្លាប់អានល្អ ជួយអ្នកឱ្យឆ្លាតនិងពូកែ វាមិនមែនជាអត្ថប្រយោជន៍តែមួយគត់ដែលអ្នកអាចទទួលបានពីទម្លាប់នេះទេ។ ការស្រាវជ្រាវបានរកឃើញថា ការអានសៀវភៅជួយដោះស្រាយបញ្ហាផ្លូវចិត្តមួយចំនួនបាន។
១. វាអាចជួយអ្នកក្នុងការគ្រប់គ្រងស្ត្រេសបានល្អជាងមុន
នៅក្នុងការសិក្សាឆ្នាំ ២០០៩ គេបានរកឃើញថាការអានសៀវភៅនៅពេលទំនេរ យ៉ាងហោចណាស់ ៣០នាទី អាចបន្ថយស្ត្រេសប្រៀបបានទៅនឹងការសើចនិងការហាត់យូហ្គាជាដើម។ នៅពេលអ្នកឃើញថាអ្នកស្ថិតក្នុងស្ថានភាពស្ត្រេស អ្នកចាំបាច់ត្រូវចំណាយពេលដើម្បីកាត់បន្ថយវា ដោយយកសៀវភៅល្អមកអាន ដើម្បីជួយដល់ស្រ្តេសផង ក៏ដូចជាបង្កើនចំណេះដឹងផង។
២. វាអាចជួយដល់បញ្ហាគេងមិនលក់
តើអ្នកយល់ថាខ្លួនអ្នកចូលចិត្តចុចទូរស័ព្ទមុនពេលអ្នកគេងទេ? ទំលាប់នេះត្រូវបានគេរកឃើញថា ធ្វើឱ្យមានការថយចុះនូវគុណភាពការគេង។ ពន្លឺអេក្រង់ទូរស័ព្ទរបស់អ្នកពិតជាអ្វីដែលរំខានដល់ការផលិតអរម៉ូនមេឡាតូនីន ដែលជាអរម៉ូនធ្វើឱ្យងងុយគេង។ ដូច្នេះជំនួសឱ្យការចុចទូរស័ព្ទមុនគេង អ្នកអាចយកសៀវភៅមកអានជំនួសវិញ ដើម្បីជំនួយដល់ការគេង។ តើអ្នកដែលលឺពាក្យគេថាដែរទេ ដែលលើកឡើងថា “ឱ្យតែលើកសៀវភៅមកអាន ចេះតែចង់គេង។”? ដូចនេះ ប្រសិនបើអ្នកមានបញ្ហាដំណេក អ្នកអាចដកសៀវភៅមកអាននៅយប់នេះ។
៣. វាអាចជួយបង្ការជម្ងឺភ្លេចភ្លាំង
សកម្មភាពសាមញ្ញនៃការអានរំញោចខួរក្បាលរបស់អ្នក។ ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលរួមសកម្មភាពធ្វើលំហាត់ប្រាណខួរក្បាល ហាក់ដូចជាមិនសូវវិវត្តទៅមានជម្ងឺវង្វេងស្មារតី បើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវមានសកម្មភាពខួរក្បាល។ ការរក្សារបៀបរស់នៅអសកម្ម អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការវិវត្តទៅជាជម្ងឺវង្វេងវង្វាន់។ ដូច្នេះវាតែងតែល្អក្នុងការរក្សាគំនិតនិងរាងកាយឱ្យសកម្ម ដោយការអានសៀវភៅ៕