ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញពិនិត្យមើល ក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តដាំដើមផ្កាក្ងោក បន្ថែមទៀត នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ដើមផ្កាក្ងោក រាប់ពាន់ដើម នឹងត្រូវបានដាំដុះ និងបង្ហាញសម្រស់គួរឱ្យទាក់ទាញ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងដាំដើមផ្កាក្ងោក ចំនួន ជាង១ពាន់ដើមបន្ថែម នៅអបតាមដងផ្លូវនានាក្នុងខេត្ត ចំណែកដើមផ្កាក្ងោក ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ៣ឆ្នាំ មកហើយ គឺបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថានៅឆ្នាំក្រោយៗ ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញខេត្ត ហើយក្នុងនោះរដ្ឋបាលខេត្ត ក៍មានផែនការ នឹងបន្តដាំដើមផ្កាក្ងោកឱ្យបានច្រើនបន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានាក្នុងខេត្ត ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីជំនាញ និង ពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃ ផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន ។
អត្ថបទ៖ លោក ញ៉ឹប បូរី