ប៉ៃលិន៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យ ចម្រើនព្រះជន្ម ថ្វាយសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គំរប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា ដោយពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំ សសយក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ព្រះមន្រ្តីសង្ឃ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពស្ថាប័នជុំវិញខេត្ត, គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីរាជការ អ្នកស្ម័គ្រ, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរឹទ្ធ និងយុវជន សសយក យ៉ាងច្រើនកុះករ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ មនុញ្ញផល ដែលកើតមានក្នុងពេលនេះ ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ អតីតព្រះប្រធាន និងប្រធានកាកបាទក្រហមកម្ពុជា ដែលបានសោយទិវង្គត និងបូជាអាយុជីវិត ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ក្នុងរយៈកាលកន្លង ទៅក៏ដូចជាវិញ្ញាណក្ខន្ធ សមាជិកសមាជិកា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបាត់បង់ជីវិតក្នុងបុព្វហេតុមនុស្សធម៌ សូមឲ្យព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធទាំងអស់ បានទៅសោយសុខក្នុងសុគតិភព ជាឋានបរមសុខតរៀងទៅ។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍បន្តថា៖ កុសលផលបុណ្យ កើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងបានសោយព្រះបរមសុខ ក្នុងព្រះសុគតិភព ជារៀងដ៏រាបតទៅ។ ជាមួយគ្នានេះ សូមលើកថ្វាយចំពោះវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតឆត្រ ព្រះតេជៈបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយអភិបាល គ្រងរក្សា និងប្រោះប្រទាន នូវព្រះពរជ័យបវរ មហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពដ៏បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោនតរៀងទៅ។
ស្ថិតក្នុងទិវាប្រកបដោយ មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សានេះ ក្នុងនាមថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាត ថ្វាយ ព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គ មានព្រះកាយពលមាំមួន ព្រះរាជ សុខភាពបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ។
ព្រះរាជវត្តមាន គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា របស់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត គឺជាគ្រឹះសសរស្ដម្ភ ដ៏រឹងមាំនៃសកម្មភាព ដ៏ក្លៀវក្លា ក្នុងចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការជួយសង្គ្រោះជន ដែលងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា គឺមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ឲ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់លើបេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនារួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី បានប្រគេនបច្ច័យ និងទេយ្យទាន ព្រមទាំងចង្ហាន់ សម្រាប់ព្រះសង្ឃចំនួន ៩អង្គ និមន្តមកពី ៩វត្ត ក្នុងខេត្តប៉ៃលិន ដោយក្នុង១ វត្តៗទទួលបានរួមមាន ៖ អង្ករ ១០០ គ.ក, ទឹកក្រូច ២កេះ, មី ៣កេះ, ស្កសរ ៥ គ.ក, តែ ១ គ.ក, ស្លាដក់ ១ ប្រអប់, ទឹកដោះគោ ១០ កំប៉ុង, ទឹកសុទ្ធ ៣ កេះ, បាយ ១ បាត ម្ហូប និងបង្អែម ១ស្រាក់ និងបច្ច័យ ចដំនួន ១០០,០០០ រៀល(ដប់ម៉ឺនរៀល)ផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី