ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅស្រុកសាលាក្រៅ ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងត្រង់ ដោយពិធីបើកយុទ្ធនាការឃោសនានេះ គឺគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយយុទ្ធនាការឃោសនាត្រូវបានធ្វើឡើងរយៈពេល ០៨ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅម៉ោង ១២និង០០នាទីយប់នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់បេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងថែទាំសុខភាពឲ្យបានល្អ ហើយត្រូវទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នរក្សាឯកសារពាក់ព័ន្ធ ដោយឡែកក្នុងកំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ត្រូវសម្រាក និងរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយថ្ងៃ មុនពេលបោះឆ្នោត គឺនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ក្រើនរំលឹក ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវគោរពទៅតាមការណែនាំរបស់គណបក្ស និងបទបញ្ជានីតិវិធីច្បាប់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងកើតមានឡើងនូវបញ្ហានានា ក្នុងកំឡុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងនាមជាគណបក្សនយោបាយដឹកនាំប្រទេស ជាពិសេសត្រូវគោរពឲ្យបានតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍សម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្ដល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សអាចបំពេញនូវបេសកកម្មបម្រើប្រទេសជាតិ ប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើ មាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅខេត្តប៉ៃលិន គឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី