ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាទឹកស្អាត នារសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេងហួត ត្រូវសហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាពអាកាសធាតុរាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រាស់ទឹកក៍មានបរិមាណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ។
សូមរំលឹកថា៖ ក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិនជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាតនឹងប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំងគឺដាច់ទឹកតែម្តង ហើយពេលដែលសួរទៅក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែមានហេតុផលដោះសារជានិច្ច ប៉ុន្តែស្ថានភាពទឹកស្អាតនៅតែដដែលៗ មិនមានអ្វីប្រែប្រួលសោះ។
អត្ថបទ៖ លោក ញ៉ឹប បូរី