ប៉ៃលិន៖ រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីបង្កបរិយាកាស សប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន ប្រកបដោយក្តីសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើនកុះករ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវសហការគ្នា ចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន អោយសម្រេចបានលទ្ធផលទៅតាមផែនការ ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់គោលដៅ ជាពិសេសនៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយខេត្តប៉ៃលិន បានរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ។
អត្ថបទ៖ លោក ញ៉ឹប បូរី