ប៉ៃលិន៖ ប្រសាទជ័យមង្គលព្រះសិអារ្យមេត្រីយ៍ ហៅប្រសាសទទ្វារប្រាំបី ដែលស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងវត្តគីរីរតនារាម ហៅវត្តភ្នំយ៉ាត ខេត្តប៉ៃលិន ត្រូវបានធ្វើពិធីបុណ្យឆ្លង និងសម្ភោធ ជាផ្លូវការ កាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមព្រះរាជធិបតីដ៍ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះអាគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ រំលឹកអំពីការឈឺចាប់ ទុក្ខលំបាក វេទនា របស់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋទាំងអស់ ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្គ្រាម កាប់សម្លាប់ រវាងខ្មែរ និងខ្មែរ កាលពីពេលកន្លងទៅ ហើយ វត្តអារាមជាច្រើនត្រូវរងការខូចខាតទាំងស្រុង និងមានវត្តអារាមខ្លះទៀត ប្រែក្លាយជាបន្ទាយកងទ័ព និងរងគ្រោះដោយសារគ្រាប់កាំភ្លើង ខូចខាតជាអន្លើៗ ហើយក៏ មិនមានព្រះសង្ឃ និងមិនមានទីកន្លែងសម្រាប់ការគោរពជំនឿសាសនានោះទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រទេសជាតិរបស់យើង ទទួលបានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅ ដោយសេចក្តីសុខ សុភមង្គល និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យព្រះពុទ្ធសាសនា ក៏មានការ រីកចម្រើនឥតឈប់ឈរ ជាក់ស្ដែងសំណង់ប្រាសាទជ័យមង្គលព្រះ សិអារមេត្រីយ៍ ហៅប្រសាសទទ្វារប្រាំបីនេះ គឺជាសំណង់ដ៏ល្អឯកមួយទៀត របស់ខេត្តប៉ៃលិន ដែលកំពុងបង្ហាញរាងយ៉ាងស្រស់សង្ហា នៅលើកំពូលភ្នំយ៉ាត កណ្ដាលទីក្រុងប៉ៃលិន ដូច្នេះយើងត្រូវដឹងគុណសន្តិភាព ដឹងគុណមគ្គុទេសឯក នៃនយោបាយ ឈ្នះ ឈ្នះ និងចូលរួមថែរក្សា ការពារសុខសន្តិភាព ឲ្យនៅឋិតថេរគង់វង្សជាអមតៈនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។
ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្តការរក្សានូវសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គមកម្ពុជា និងបន្តការអភិវឌ្ឍ កសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ក្រោមនយោបាយដ៏ត្រឹមត្រូវ សមស្របទៅនឹងសភាពការណ៍រីកចំរើននៅក្នុងតំបន់ និងនៅក្នុងសកលលោក ក្នុងជំហានដ៏ស្វាហាប់ មោះមុតឆ្ពោះ ទៅរកការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយបណ្តាប្រទេសរីកចម្រើននានា។
បើតាមការបញ្ជាក់ព្រះញាណធម្មសិរី រិន ផល្លា ព្រះចៅអធិការវត្តភ្នំយ៉ាត បានមានសង្ឃដីការថា៖ ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍ ហៅប្រសាសទទ្វារប្រាំបី ត្រូវបានកសាង ឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ជាគំនិតផ្តួចផ្តើម របស់ព្រះរតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តគិរីរតនារាម (ភ្នំយ៉ាត) និងក្រោមការសម្របសម្រួល និងជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដោយកសាងអស់ ថវិកាសរុប ចំនួន៣៦០.០០០ $ (សាមសិបប្រាំមួយម៉ឺនដុល្លារ) និងបានបញ្ចាប់ការកសាងរួច ជាស្ថាបពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានរយៈពេល១០ឆ្នាំ។
អត្ថបទ៖ លោក វួច ពឿន