ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេសកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យជម្ងឺមានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំពុះពារឧបសគ្គ និងការលំបាកនានា ដើម្បីពង្រីកការផ្តល់សេវាអប់រំសុខភាព ពិនិត្យ ថែទាំ និងព្យាបាល ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ភូមិសាស្ត្រនៅក្នុងខេត្ត ជាពិសេសនៅតាមប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពតាមតំបន់ជនបទ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល ហើយលោកជំទាវបណ្ឌិតបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។
បើតាមការបញ្ជាក់របស់ លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី