(ភ្នំពេញ)៖ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៦ សែនតោន (៦៣៩.០០០) ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ៦១៣.២០០ តោន ស្មើនឹងទឹកប្រាក់ ៨២៩ លានដុល្លារ ថយចុះ ១៦,៣% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។
លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៦ ខែតុលា នេះថា សមាគមស្វាយចន្ទីកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលនៃស្វាយចន្ទីកម្ពុជាតាំងពីដើមឆ្នាំ ដោយសារតែកសិករបានកាប់ស្វាយចន្ទីមួយចំនួនចោលដោយសារការប្រែប្រួលអាកាសធាតុធ្វើឱ្យគាត់លំបាកថែទាំ។ ម្យ៉ាងទៀត ការប្រជែងទិញពីសហគ្រាសក្នុងស្រុក ថ្វីបើពួកគាត់មានទុនបង្វិលទាប ប៉ុន្តែហាក់ដូចជាមានការងើបឡើងក្រោយពីមានគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ដែលធ្វើឱ្យសហគ្រាសក្នុងស្រុកដណ្ដើមគ្នាទិញពីការនាំចេញទៅក្រៅប្រទេស។
តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ១ ៦៥៨ដុល្លារ/១តោន។ ខែកញ្ញាគ្រាប់ស្ងួតតម្លៃ ៧០០០-៧៥០០ រៀល ក្នុង១គីឡូក្រាម។ ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស ជាដើម។ បើតាម លោក លោក អួន សីឡុត សមាគមស្វាយចន្ទី តាមរយៈក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេសជាក់ស្ដែងថ្មីៗនេះ ក្រុមការងារសមាគមរបស់លោក បានទៅចូលរួមពិព័រណ៍នៅ Gwangju Food Fair 2023 នៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបញ្ជាក់ថា នេះជាការបើកទីផ្សារថ្មីមួយទៀតសម្រាប់សហគ្រាសក្នុងស្រុក ខណៈថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែក្រោយ សមាគមស្វាយចន្ទីគ្រោងរៀបចំការតាំងពិព័រណ៍នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកដើម្បីពង្រីកទីផ្សារថ្មីដល់សហគ្រាសក្នុងស្រុក៕