នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តប៉ៃលិន សហការជាមួយនគរបាលចរាចរណ៍ខេត្ត មន្រ្តីរាជការ នៃមន្ទីរសាធារៈណការ និង ដឹកជញ្ជូនខេត្ត យុវជន ស.ស.យ.ក.ខេត្ត បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បរិយាប័ន្ន នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅខាងមុខអាស្រមលោកយាយ យ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
យុទ្ធនាការនេះ បានធ្វើឡើងរយៈពេលពេញមួយថ្ងៃ ហើយជាលទ្ធផល គឺ ទទួលបានអ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៣១៧នាក់ ស្រី ១៩២នាក់, បិតចំណាំងផ្លាត់លើម៉ូតូ ចំនួន ១៤៣ ម៉ូតូ , បិតចំណាំងផ្លាត់លើម៉ូតូកងបី ចំនួន ២៦គ្រឿង, ចែកបណ្ណ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣១៧ បណ្ណ សៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១៧៩ ក្បាល និង កូនសៀវភៅ ស្តីពី ផ្លាកសញ្ញាផ្លូវគោក ចំនួន ១៧៩ ក្បាល។
លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការអនុវត្តយុទ្ធានាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ដើម្បីពួកគាត់បានចូលរួមអនុវត្តច្បាប់ចរាចរទាំងអស់គ្នាដើម្បីកាត់បន្ថយបាន នូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព ,បាត់បង់អាយុជីវិត,ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម។ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លួវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវមាកញ្ចក់មើលក្រោយ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំបើកបរហួសល្បឿនកំណត់ និងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយផុសចេញពីឆន្ទៈខ្លួនឯង មិនមែនធ្វើដោយសារតែខ្លាចនគរបាលចរាចរនោះទេ៕