ឯកឧត្តម ហុក សុផល អភិបាលស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត ព្រមទាំងពុទ្ធបរិស័ទជិត ឆ្ងាយ បានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ស្ថិតក្នុងភូមិកំពង់ចំលងក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាប្រពៃណីរបស់ជនជាតិខ្មែរ ធ្វើឡើងតាំងពីបរមបុរាណរៀងមក តាមគន្លងព្រះពុទ្ធសាសនា, មានរយៈពេល១៥ថ្ងៃ, ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ហៅថាពិធីបុណ្យកាន់បិណ្ឌ, ចំណែក ថ្ងៃ១៥រោច ហៅថា ពិធីបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យនេះធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាការសន្សំបុណ្យកុសល ទុកជាកំណប់ទ្រព្យក្នុងព្រះពុទ្ធសាសនា។ ម៉្យាងទៀត ពិធីបុណ្យក៏បានប្រមូលនូវបច្ច័យ ធនធានផ្សេងៗសម្រាប់ការកសាងអភិវឌ្ឍន៍វត្តអារាមអោយអោយមានការរីកចំរើន ជាកេរ្ត៍តំណែលបន្តដល់ក្មេងជំនាន់ក្រោយ បន្តគោរពប្រតិប័ត្ត និងថែរក្សាព្រះពុទ្ធសាសនាអោយបានគង់វង្សគ្រប់៥០០០ព្រះវស្សា តាមពុទ្ធបញ្ញត្តិ។
ឯកឧត្តម ហុក សុផល អភិបាលស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ក្រោមម្លប់សុខ សន្តិភាព យើងបានមកជួបជុំគ្នាធ្វើបុណ្យ ធ្វើទានយ៉ាងសប្បាយរីករាយ មានសិទ្ធសេរីភាពពេញបរិបូរណ៍ និងមានឱកាសប្រកបរបររកទទួលទានតាមចំណេះ ជំនាញរៀងៗខ្លួន។ ដូចច្នេះយើងត្រូវដឹងគុណសន្តិភាព ដឹងគុណមគ្គុទេសឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខ សន្តិភាព ស្ថេរភាព ជូនជាតិ មាតុភូមិ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក៏ដូចជានាំមកនូវកិត្យានុភាពជូនជាតិ ប្រជាជន នៅលើឆាកអន្តរជាតិផងដែរ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល អាណត្តទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក៏នៅតែបន្តការរក្សាសុខ សន្តិភាពជូនជាតិ ប្រជាជន និងបន្តអភិវឌ្ឍន៍ កសាងប្រទេសអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។ ឯកឧត្ត ហុក សុផល ក៏បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតពីវេណទី៩ ជូនអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចតេជោ សម្តេចមហាធិបតី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ៕ អត្ថបទ៖ លោក វួច ពឿន ប្រធាន AKP ប៉ៃលិន