រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ខណៈគាត់លក់ដូរអីវ៉ាន់នៅក្នុងផ្ទះម្នាក់ឯង ចំណែកប្ដីចេញទៅលក់ដូរនិងជួសជុលគ្រឿងអេឡិចត្រូនិចនៅមុខរោងចក្រកាត់ដេរ ។ ដោយឡែក កូនប្រុស-ស្រី២នាក់ទៀតទៅរៀន ហើយពុំមាននរណាបានដឹងថា គាត់ត្រូវបានគេធ្វើឃាតនោះទេ ។លុះក្រោយមក ពេលកូនត្រឡប់មកពីរៀនវិញ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់នៅក្នុងថ្លុកឈាមដោយមានស្នាមអារ.កផងក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះ ត្រូវបានសង្ស័យថា ជាអំពើឃាតកម្មអារកប្លន់សម្លាប់យកទ្រព្យសម្បត្តិ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះ ឈ្មោះឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។បើតាមប្ដីរបស់គាត់បានអះអាងថា បានបាត់បង់លុយកាក់និងគ្រឿងអលង្ការមួយចំនួនដែលទុកនៅក្នុងក្នុងផ្ទះរបស់គាត់នោះផងដែរ ហើយបានសង្ស័យថា ប្រពន្ធគាត់ស្លាប់ដោយសារអំពើឃាតកម្មអារកប្លន់សម្លាប់យកទ្រព្យសម្បត្តិ ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រួសារ១មួយនេះបានខំប្រឹងរកស៊ៅខ្លាំងណាស់ ដោយស្ត្រីជាប្រពន្ធបានលក់ដូរអីវ៉ាន់ចម្រុះច្រើនមុខនៅផ្ទះដូចជាអីវ៉ាន់ចាប់ហួយ និងគ្រឿអគ្គិសនីមានកង្ហារជាដើម ។ ចំណែកបុរសជាប្ដីមានមុខរបរជាជាងជួសជុលគ្រឿងអេឡិចត្រូនិចមានម៉ាញ៉េ និងទូរទស្សន៍ ព្រមទាំងបរិក្ខារអគ្គិសនីជាដើម ។នៅថ្ងៃកើតហេតុក៏ដូចជារៀងរាល់ថ្ងៃដែរ បុរសជាប្ដីបានទៅលក់ដូរ និងជួសជុលគ្រឿងអេឡិចត្រូនិកនៅមុខរោងចក្រកាត់ដេរម្ដុំអតីតឡឥដ្ឋជិតសួនឧស្សាហ៍កម្មកាណាឌីយ៉ា ហើយស្ត្រីរងគ្រោះបានលក់នៅផ្ទះម្នាក់ឯង ដោយកូនប្រុសស្រី២នាក់ទៀតទៅរៀន ។ ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកពុំដឹងថា គាត់ត្រូវបានឃាតករអារ.កសម្លាប់តាំងពីពេលណានោះឡើយ ។រហូតដល់វេលាម៉ោងខាងលើ ក្រោយពេលដែលកូនៗរបស់គាត់ត្រឡប់មកពីរៀនដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញម្ដាយដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមអារ.កបាត់ទៅហើយ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងប្ដីរបស់គាត់ ។
ភ្លាមៗនោះ បុរសជាប្ដីបានអះអាងប្រាប់គេឯងថា ប្រាក់និងគ្រឿងអលង្ការមួយចំនួននៅក្នុងផ្ទះត្រូវបានបាត់បង់ដែលសង្ស័យថា ការស្លាប់របស់ប្រពន្ធគាត់នេះគឺជាសកម្មភាពចោរកម្មអារកប្លន់សម្លាប់យកទ្រព្យសម្បត្តិ ។ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅមិនឆ្ងាយពីផ្ទះអ្នកដទៃទៀតនោះទេ ហើយគាត់លក់ដូរនៅជាន់ផ្ទាល់ដី និងបានជួលឲ្យអ្នកដទៃស្នាក់នៅជាន់ទី១និងជាន់ទី២ រួមនិងការលក់ដូរផង ដូច្នេះហើយផ្ទះគាត់មានមនុស្សចេញចូលជាធម្មតា ។ ដោយឡែក មុនពេលមានការភ្ញាក់ផ្អើលនេះកើតឡើង ឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពី១គ្រឿងចេញពីផ្ទះកើតហេតុនោះដែរ ប៉ុន្តែពុំដឹងថា បុរសនោះមានជាប់សង្ស័យនិងអំពើឃាតកម្មនេះ ឬអត់នោះឡើយ ។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ រួមជមួយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុចងខ្សែហ៊ុមព័ទ្ធទីតាំងនោះ និងបានរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យនិងស្រាវជ្រាវលើអំពើឃាតកម្មនេះហើយ ។