នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣មន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣របស់រដ្ឋបាល ក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តតំណាងដ៍ខ្ពងខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នឹងលោក ប៊ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បន្ទាប់ពីកញ្ញា ហេង សុលីន ប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានធ្វើបទបង្ហាញការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣របស់រដ្ឋបាល ក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ រួចមកលោក ប៊ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីពិនិត្យការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣របស់រដ្ឋបាល ក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ក្នុងការពង្រឹងកិច្ចដំណើការនៃការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មឱ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព គណនេយ្យភាព ប្រសិទ្ឋភាព សន្សំសំចៃ និងទាន់ពេលវេលា ។លោកបន្តថា៖ការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ ២០២៣នេះ មន្ទីរជំនាញនៅក្នុងឆ្នាំ២០២៣ មានផែនការលទ្ធកម្មសរុបចំនួនៈ ២៧១ តម្រោង អនុវត្តបានចំនួន ២៧០ តម្រោង ស្មើនឹង ៩៩.៦៣%។ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២៣ មានផែនការលទ្ធកម្ម និងផែនការកែតម្រូវសរុប ចំនួនៈ ២៥ តម្រោងអនុវត្តបានចំនួន ២២ គម្រោង ស្មើនឹង ៧៥.៨៦%។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិនតំណាងដ៍ខ្ពងខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញទាំងអស់ដែលមានការយឺតយ៉ាវធ្វើរបាយការណ៍ការអនុវត្តលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ររបស់ខ្លួន ត្រូវបន្តយកចិត្តទុកដាក់ខិតខំ និងបង្កើតសមត្ថភាពរៀបចំផែនការលទ្ធកម្មអោយទាន់ពេលវេលា ព្រោះផែនការលទ្ធកម្មមានសារះសំខាន់ណាស់ ដើម្បីចូលរួមចំណែកបង្កើនការជឿទុកចិត្តលើការគ្រប់គ្រងថវិកានិងផ្តល់ពត៌មានអំពីតម្រូវការទំនិញ សំណង់ សេវាកម្ម និងសេវាទីប្រឹក្សា ទាំងបរិមាណ និងតម្លៃសរុបប្រចាំឆ្នាំ ផ្តល់ពត៌មានអំពីគម្រោង តម្លៃគម្រោងតាមវិធីសាស្ត្រ តាមមុខសញ្ញា និងតាមប្រភេទលទ្ធកម្ម ផ្តល់ពត៌មានអំពីកាលបរិច្ឆេទចាប់ផ្តើម កាលបរិច្ឆេទបញ្ចប់ និងតម្លៃទូទាត់ប្រចាំ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជាពិសេស រួមចំណែកក្នុងការរៀបចំកម្មវិធីចំណាយប្រចាំ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជាមូលដ្ឋានសម្រាប់ស្នើសុំធានាចំណាយ ឬផ្តល់គោលការណ៍ធានាចំណាយ និងមានវិធានការកែលម្អអោយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះរដ្ឋបាល ក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ត្រូវចេះសហការ ជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអោយមន្ទីរណែនាំ និងឆ្លុះបញ្ចាំងអំពីបច្ចេកទេសជំនាញបន្ថែមទៀតស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ នឹងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មធារណៈ ២០១៩- ២០២៥៕