ប៉ៃលិន ៖ ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ខ្វះខាតទឹកសម្រាប់បូម ឬបង្ហូរចូលក្នុងស្រែរបស់ខ្លួន ជាហេតុធ្វើឱ្យដំណាំស្រូវជាច្រើនហិកតា ទទួលរងការខូចខាត បើសិនជាសិនជាមិនការជួយសង្គ្រោះបានទាន់ពេលវេលា ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមការងារ បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួល ក្រោមនយោបាយ ឈ្នះឈ្នះ ដើម្បីបើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ស្ទាក់ទឹក ទុកសម្រាប់ប្រើប្រាស់តែស្រែរបស់ខ្លួន នៅក្នុងភូមិសំបូរ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសចុះជួយអន្តរាគមន៍បញ្ហាទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ដែលមានដី ស្រែនៅជាប់នឹងមាត់ប្រឡាយបង្ហូរទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ស្ទាក់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដាន និងជួយសម្របសម្រួល ឈរលើគោលការណ៍ស្មើភាពគ្នា ព្រមទាំងផ្លូវច្បាប់ ដើម្បីជាសវៀងការបង្ករជាទំនាស់ទៅថ្ងៃក្រោយទៀត។
បន្ទាប់ពីទទួលបានសំនូមពរពីសំណាក់បងប្អូនប្រជាកសិករដែលធ្វើស្រែ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ជំរុញអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ចុះធ្វើការសិក្សា និងធ្វើប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់បងប្អូនប្រជាកសិករ ក្នុងនោះដែរ លោកជំទាវក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលនូវផលប៉ះពាល់ និងចូលរួមថែរក្សាប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង។
នៅក្នុងឱកាសនោះផងដែរ បងប្អូនប្រជាកសិករ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយឥតឧបម៉ា ដែលលោកជំទាវអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ និងជួយអន្តរាគមន៍ដំណាំស្រូវរបស់ពួកគាត់បានទាន់ពេលវេលា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងសូមជូនពរឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការដឹកនាំខេត្តប៉ៃលិន ឱ្យមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត។
បើតាមការបញ្ជាក់ពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិនមានផែនការដាំដុះដំណាំស្រូវ សរុបចំនួន ៦៥០០ហ.ត តែអនុវត្តបានសរុបចំនួន ៦៦៩០ហ.តស្មើនឹង ១០២% លើសផែនការ ២% ក្នុងនោះ៖ ស្រូវស្រាលអនុវត្តបានសរុប ១៤០ហ.ត ស្រូវកណ្តាលអនុវត្តបានសរុប ៦៤៣០ហ.ត ស្រូវធ្ងន់អនុវត្តបានសរុប ១២០ហ.ត ហើយដំណាំស្រូវដែលទទួលរងការខ្វះខាតទឹកមានចំនួន ៥៥០ហិកតា៕
អត្ថបទ៖ លោក ញ៉ឹប បូរី