ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ សាខាពន្ធដារខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ មុខងារ កែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការស្នើសុំ វិញ្ញាបនបត្រពន្ធដារ មុខងារស្នើសុំផ្អាកអាជីវកម្ម និងបើកដំណើរការឡើងវិញ ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ផាវឌី ណូរិន ប្រធានពន្ធដារខេត្តប៉ៃលិន ហើយក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី ក្រុមហ៊ុន សហគ្រាស អាជីវករ អាជីវកម្ម និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតនៅសាខាពន្ធដារខេត្តប៉ៃលិន។
លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិនបានថ្លែងថា៖ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពន្ធដារ សំដៅពង្រឹង និងលើកកម្ពស់វប្បធម៌បង់ពន្ធ ដើម្បីរួមចំណែកក្នុងការពង្រឹង ការអនុវត្ត កាតព្វកិច្ចសារពើពន្ធ ក្នុងចំណោមគ្រប់ធុរៈជន ដែលបាននឹងកំពុងប្រកបធុរៈកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយបន្ថែមពីនេះ តាមរយៈសិក្ខាសាលានេះ ក៏បានបញ្ជ្រាបការយល់ដឹងបន្ថែមអំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពន្ធដារ និងចំណេះដឹងថ្មីបន្ថែមទៀត ស្តីពីការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកប្រធានសាខាពន្ធដារខេត្ត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី និងជាតំណាងសហគ្រាស ក្រុមហ៊ុន អាជីវករ អ្នកជាប់ពន្ធទាំងអស់ ដែលបានចូលរួម នៅក្នុងអង្គសិក្ខាសាលា ដ៏មានសារសំខាន់ដែលនេះគឺជាការសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ ជាពិសេស គឺដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន។ ជាមួយគ្នានោះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រមូលពន្ធនៅខេត្តប៉ៃលិន ដោយបានណែនាំមន្ត្រីពន្ធដារខេត្តត្រូវអនុវត្តការងារអោយបានត្រឹមត្រូវ មានតម្លាភាព យុត្តិធម៌ និងត្រូវពន្យល់ណែនាំប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធទាំងអស់អោយយល់ពីកាតព្វកិច្ចបង់ពន្ធតាមភាពជាក់ស្តែង ហើយដោយឈរលើគោលការណ៍ គោលនយោបាយឈ្នះៗផងដែរ។បន្ថែមពីនេះ អង្គសិក្ខាសាលាក៏មានជាវេទិកាធ្វើបទបង្ហាញ ព្រមទាំងមានសំណួរ-ចម្លើយសម្រាប់សិក្ខាកាមទាំងអស់ ដែលចូលរួមដើម្បីមានភាពងាយស្រួលក្នុងការស្វែងយល់កាន់តែច្បាស់ផងដែរ៕