ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរផែនការខេត្តប៉ៃលិន សម្របសម្រួលជាមួយរដ្ឋបាលស្រុកសាលាក្រៅ បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២៤-២០២៦) ដែលប្រព្រឹត្តទៅនៅសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ហើយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេឃុំទាំង៤ ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការជាដៃគូពាក់ព័ន្ធជាច្រើននាក់ទៀតសរុបប្រមាណ ៨៨នាក់។
លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានមានមតិស្វាគមន៍ក្នុងឱកាសបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកសាលាក្រៅនេះ គឺជាថ្ងៃមួយដ៏មានសារៈសំខាន់ យ៉ាងវិសេសវិសាលបំផុត ដើម្បីផ្សារភ្ជាប់ ផែនការវិស័យទៅនឹងផែនការមូលដ្ឋាន ក្នុងគោលបំណងជួបជុំគ្នា ជាមួយក្រុមប្រឹក្សាឃុំទាំង៤ បណ្តាមន្ទីរវិស័យនានា បណ្តាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ វិស័យឯកជន ដើម្បីពិនិត្យមើល នូវការអនុវត្តគម្រោងឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារអភិវឌ្ឍឆ្នាំថ្មីឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានោះ លោក សយ សារុន ប្រធានមន្ទីរផែនការខេត្តស្តីទី បានអោយដឹងថា៖ គោលបំណងនៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលស្រុកពិតជាមានសារៈសំខាន់បំផុតគឺដើម្បីបំរើដល់បងប្អូនប្រជាពលរដ្ឋអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ហើយគម្រោងដែលបានលើកឡើងគឺសុទ្ធសឹងតែគម្រោងអទិភាពដែលមានការចូលរួមពីប្រជាពលរដ្ឋ។ លោកបានបន្តថា៖ ការធ្វើកម្មវិនិយោគគឺឈរមូលដ្ឋានច្បាស់លាស់ផ្អែកទៅលើសុក្រិតភាព តម្លាភាព ត្រឹមត្រូវនៅទូទាំងសង្កាត់ដែលជាគម្រោង និងធនធានរបស់ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន និងដៃគូរពាក់ព័ន្ធនានា។ ហើយជាលទ្ឋផលរំពឹងទុក រដ្ឋបាលខេត្ត-ក្រុង-ស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន នឹងអ្នកពាក់ព័ន្ធនានាបានដឹងបានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមក ដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីអោយការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តទៅបានដោយរលូននិងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ ០៣ឆ្នាំ រំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង-ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីសម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ ហើយគម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្តរួមទាំងសេវានានាសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្តបានបន្តទៀតថាៈ ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។
លោក សុខ ពិសី អភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។
ក្រោយស្តាប់ពីបទបង្ហាញរបស់លោក-លោកស្រី មេឃុំទាំង៤ឃុំ មន្ទីរផែនការខេត្ត និង សាលាស្រុកសាលាក្រៅរួចមក ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសំណូមពរដល់ក្រុមប្រឹក្សាស្រុកត្រូវពិនិត្យតាមដានប្រតិទិនការងារ និងគម្រោងនីមួយៗអោយបានជាប្រចាំនិងច្បាស់លាស់ ជាពិសេសត្រូវមានការជួបជុំគ្នា មួយឆ្នាំពីរដងរឺមួយឆមាសម្តងក្នុងនោះរួមមាន មន្ទីរផែនការ ទីចាត់ការផែនការវិនិយោគខេត្ត សាលាស្រុក និងម្ចាស់គម្រោងនានាដើម្បីប្រសិទ្ធភាពការងារកាន់តែល្អប្រសើរជាក់លាក់។ ទន្ទឹមនេះមន្ទីរផែនការខេត្តដែលជាសមាជិកអចិន្ត្រៃយ៍ ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវរួមរួមគ្នាគិតគូរកៀរគតាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព អង្គការជាតិ និងអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រ សំណើរគម្រោង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបញ្ហា និងតម្រូវការដែលយើងបានរកឃើញទាំងនោះទៅតាមវិស័យជំនាញរបស់មន្ទីរ អង្គភាពនីមួយៗនិងឃុំ-សង្កាត់ផងដែរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តាំផ្ញើរដល់ភាគីពាក់ព័ន្ធត្រូវសហការការងារនិងការអនុវត្តផែនការអោយបានត្រឹមត្រូវ ដើម្បីការអភិវឌ្ឍន៍ខេត្តប៉ៃលិនយើងប្រកបដោយនិរន្តរភាព៕