ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងស.ពមនុស្សចំនួនពីរនាក់ នៅក្នុងចម្ការដូងមួយកន្លែង រួមទាំងអាវុធខ្លីមួយដើម និងគ្រាប់មួយចំនួន កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង ឈិន ស្ថិតក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសាច់ញាតិ អះអាងថា ជាមន្ត្រីនគរបាលម្នាក់ និងជាស្ត្រីអ្នកលក់ខោអាវតាមអនឡាញ ។ ករណីនេះ សមត្ថកិច្ចគេសង្ស័យថា អាចជាករណីអត្តឃា.តរឿងវិបត្តិស្នេហា ។បើតាមប្រភពពីសមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា ស.ពមនុស្សទាំងពីរនាក់ រួមមាន ៖
សាកសពទី១-ឈ្មោះ ឆើត ឆវិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាកសពទី២-ឈ្មោះ ឈឿង មួយឡេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវតាមអនឡាញ មានទីលំនៅភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញអាវុធខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់ ក្នុងប្រអប់មាន៣៣គ្រាប់ បង់ចំនួន១ មាន០៧គ្រាប់ ។
ដោយឡែក តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឈឿង ធាវី ត្រូវជាបងស្រីបង្កើតរបស់ស.ពនារីអ្នកលក់តាមអនឡាញ បានប្រាប់ថា ប្អូនស្រីរបស់ខ្លួន មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីនគរបាលម្នាក់ ជាយូរឆ្នាំមកហើយ។បងស្រីជនរងគ្រោះបន្តថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់ បានឆាតតាម Messenger ប្រាប់គាត់ថា អោយជួយមើលម៉ែផង រូបនាងទៅស្លា.ប់ក្នុងព្រៃហើយ ។ បន្ទាប់មក គាត់បានសួរទៀតថា ឯងមានរឿងអ្វី ? តែប្អូនស្រី នាងមិនប្រាប់នោះទេ ហើយក៍បិទទូរសព្ទបាត់ទៅ ។ក្រោយឮដូច្នេះ បងស្រីបានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលបឹងទំពុន ដើម្បីសុំឲ្យអាជ្ញាធរអន្តរាគមន៍ជួយរកប្អូនស្រី ប៉ុន្តែបាត់ដំណឹងតាំងពីពេលនោះមក រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានហ្វេសបុកឈ្មោះ Pich Pich ត្រូវជាមិត្តភក្តិរបស់ប្អូនស្រី បានឆាតមកប្រាប់ថា មានគេឃើញសាកស.ពមនុស្សពីរនាក់ ដេកស្លា.ប់ក្នុងចំការមួយកន្លែង មានទីតាំងដូចខាងលើ ។
បងស្រីនារីរងគ្រោះបញ្ជាក់ថា ឮដូច្នេះ ក៏បានបបួលបងប្អូនមកមើល ឃើញភិនភាគសម្លៀកបំពាក ទើបស្គាល់ថា ជាប្អូនស្រីរបស់ខ្លួនពិតប្រាកដមែន ។យោងតាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោងឆ្អឹងសាកស.ពអ្នកទាំងពីរ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីព្រឹកថ្ងៃទី២៦ កញ្ញា ហើយក៏បានរាយការណ៍ ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ។ ក្រោយមក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះកែវ បានចុះទៅធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើ នឹងបានរាយការណ៍បន្ត ទៅកាន់កម្លាំងជំនាញនគរបាលស្រុកល្វាឯម និងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល ដើម្បីចុះទៅពិនិត្យសាកស.ពទាំងពីរនាក់ ។
របាយការណ៍ពិនិត្យកោសល្យវិច័យលើសាកសពខាងបុរស ឃើញមានស្នាមគ្រាប់កាំភ្លើងលើក្បាលផ្នែកខាងស្តាំ ខាងលើសៀតផ្កា ពីសៀតផ្កាដល់ស្នាមរបួសប្រវែង ៣សង់ទីម៉ែត្រ របួសរៀងមូល ទំហំ ០,៧៥សង់ទីម៉ែត្រ។ រីឯសាកសពស្ត្រី មានស្នាមត្រូវគ្រាប់លើក្បាលផ្នែកខាងស្តាំខាងក្រោយត្រចៀកស្តាំ ។ សមត្ថកិច្ច បានសន្និដ្ឋានថា សាកស.ពទាំងពីរនាក់ គឺត្រូវនឹងគ្រាប់កាំភ្លើង អាចជាករណីបាញ់សម្លា.ប់នារីមុន រួចហើយបុរស ដែលជាមន្ត្រីនគរបាល បានបាញ់សម្លា.ប់ខ្លួនឯង តាមក្រោយ ។
ក្រោយពិនិត្យលើសព និងធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ច បានប្រគល់សពទាំង២ ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕