(សហរដ្ឋអាម៉េរិក)៖ កូនទាហានថ្នាក់ពលបាលត្រីមួយរូបរបស់អាម៉េរិកឈ្មោះ Travis King ដែលបានរត់ចោលជួរចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង ក្នុងអំឡុងដំណើរទស្សនកិច្ចនៃបេសកកម្មការងារនៅឯតំបន់ព្រំដែនកូរ៉េខាងត្បូង នៅខណៈនេះ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកំណើតវិញហើយកាលពីថ្ងៃពុធ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេចនិរទេសលោកឱ្យទៅរស់នៅក្នុងប្រទេសចិនអស់មួយរយៈ នេះបើយោងតាមការបញ្ជាក់ដោយអាជ្ញាធរសហរដ្ឋអាម៉េរិក។
គួររំលឹកថា នាយទាហានវ័យ២៣ឆ្នាំរូបនេះ បានរត់ឆ្លងចូលទៅកាន់ព្រំដែនកូរ៉េខាងជើង កាលពីថ្ងៃទី ១៨ ខែកក្កដាកន្លងទៅ ហើយអាជ្ញាធរកូរ៉េខាងជើងក៏បានចាប់ឃាត់ខ្លួនភ្លាមៗ ដោយសួរនាំអំពីមូលហេតុជុំវិញការសម្រេចរត់ចោលកាតព្វកិច្ចយោធា ហើយទាហាន Travis King បានអះអាងជុំវិញភាពបក្សពួកនិយមនិងការរើសអើងនៅក្នុងជួរមន្រ្តីកងទ័ពអាម៉េរិក ជាពិសេសតែងតែធើ្វឡើងទៅលើក្រុមជនជាតិស្បែកខ្មៅ។ យោងតាមមន្ត្រីយោធាអាម៉េរិកមួយរូបបានរៀបរាប់ថា គេកំពុងបញ្ជូនពលបាលត្រី Travis King ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយកន្លែងនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក ដើម្បីព្យាបាលនិងស្តារនីតិសម្បទាឡើងវិញ ៕