(កីឡាជាតិ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអាអេរ៉ូប៊ិកកម្រិត១ និងបោះជំរំ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងជំនាញគ្រូបង្វឹកតាមក្លិប និងធានាបាននូវនិរន្ដរភាពនៃការអភិវឌ្ឍ តាមរយៈការរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីបន្ដវេន ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចូលរួម ២២នាក់ ក្នុងនោះមានស្ដ្រី ៤នាក់ មកពី ៤រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តក្រចេះ និងម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ។
លោកថា វគ្គនេះ ពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹង បង្កើននូវសមត្ថភាពបច្ចេកទេសជូនដល់លោកគ្រូ-អ្នកគ្រូ តាមបណ្ដាក្លិបកីឡាកាយសម្ព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីវ័យក្មេង ដែលបានចូលរួមបោះជំរំ។
មន្ដ្រីជំនាញដដែលបន្ដថា ដោយសារគ្រូបង្វឹកតាមក្លិប នៃខេត្តមួយចំនួន នៅមានកម្រិត ដូច្នេះទើបសហព័ន្ធរៀបចំវគ្គនេះ ដោយអញ្ជើញគ្រូឧទ្ទេសកម្រិតអន្ដរជាតិពីរាជធានីភ្នំពេញ ដើម្បីចែករំលែកចំណេះដឹង និងពន្យល់ពីគន្លឹះសំខាន់ៗ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធឲ្យកាន់តែប្រសើរឡើង ស្របតាមនិយាមអន្ដរជាតិ ពិសេសដើម្បីចូលរួមផលិតធនធានកីឡាករ-កីឡាការិនីវ័យក្មេង ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ៕