(កីឡាជាតិ)៖ កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ(National Record) លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្របុរស បន្ទាប់ពីប្រើថិរវេលាត្រឹម ២៦.៧៧វិនាទី នៅក្នុងការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមគ្រូបង្វឹកលោក ហែមថុន ពន្លឺ បានបញ្ជាក់ថា Antoine មិនបានឡើងវគ្គបន្ដក្នុងព្រឹត្តិការណ៍ប្រជុំដោយកីឡាករជើងខ្លាំងនេះទេ ប៉ុន្ដែថិរវេលា ដែលរូបគេធ្វើបានលើវិញ្ញាសាហែលផ្ងារ ៥០ម៉ែត្រ គឺប្រកៀកប្រកិតជាមួយបណ្ដាកីឡាករអាស៊ាន ហើយបើធៀបនឹងលទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករជម្រើសជាតិកម្ពុជារូបនេះ ឈរលំដាប់លេខរៀងទី៦ ។
គ្រូបង្វឹកដដែលរំលឹកថា កាលពីស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាដូចគ្នា កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ ប្រើថិរវេលា ២៦.៩៦វិនាទី តែពេលនេះ គេប្រើថិរវេលាត្រឹម ២៦.៧៧វិនាទីប៉ុណ្ណោះ ដែលនាំឲ្យគេបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ពិសេស Antoine បានបំបែកកំណត់ត្រាជាតិ ដោយបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេទៀតផង ។ ដំណាលគ្នានឹងការបំបែកកំណត់ត្រាជាតិលើវិញ្ញាហែលផ្ងារ ៥០ម៉ែត្រ កីឡាករ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ ដដែល ក៏ធ្វើបានល្អលើវិញ្ញាសាហែល ៥០ម៉ែត្រសេរីផងដែរ ដោយប្រើថិរវេលា ២៤.៥៣វិនាទី ឈរលេខរៀងទី២ ក្នុងស៊េរី តែសោកស្ដាយគេមិនបានឈានទៅវគ្គបន្ដ ដោយសារចាញ់ប្រៀបគូប្រជែងនៅស៊េរីផ្សេងៗ ។
គួរដឹងថា កីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន តែមកទល់ពេលនេះ ពុំទាន់មានកីឡាករ ឬកីឡាការិនីណាឡើងវគ្គបន្ដនោះទេ ហើយកីឡាករ ២រូប មានកីឡាករខ្មែរ-បារាំង Antoine និងកីឡាករខ្មែរ-អាមេរិក មនត្រស ផានសុវណ្ណអារុន បានបញ្ចប់ភារកិច្ចរបស់ខ្លួន នៅសល់តែកីឡាការិនី សុខ វរល័ក្ខណ៍ និងកីឡាការិនី ឃឺន ច័ន្ទចរិយា ដែលត្រូវបន្ដប្រកួត ២វិញ្ញាសាចុងក្រោយ នាថ្ងៃទី២៧ ខែកញ្ញាស្អែក៕