(អាមេរិក)៖ នៅថ្ងៃសុក្រទី២២ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូលទាំងខែលការពារដែនអាកាស Hawk ទីពីរ និងការចែកចាយប្រព័ន្ធអាវុធបន្ថែមប្រចាំខែ ក្នុងអំឡុងរដូវរងាផងដែរ។លោក បៃដិន ប្រកាសថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត នឹងបន្តផ្តល់ប្រព័ន្ធសន្តិសុខឲ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់ប្រទេសនេះ ក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។
ជំនួយយោធាថ្មីបំផុតដែលមានតម្លៃ១២៨លានដុល្លារនេះ ក៏រួមបញ្ចូលផងដែរ នូវមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-9M Sidewinder, ប្រព័ន្ធការពារដែនអាកាស Avenger, គ្រាប់បែកចង្កោម និងគ្រាប់រំសេវជាច្រើនទៀត សម្រាប់ប្រព័ន្ធរ៉ុកកែតបាញ់បានច្រើនគ្រាប់ HIMARS របស់អ៊ុយក្រែន។លោក បៃដិន និយាយថា “យើងក៏ផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលផ្តល់កម្តៅនិងពន្លឺ ក្នុងអំឡុងពេលថ្ងៃត្រជាក់បំផុតនិងងងឹតបំផុតនៃឆ្នាំនេះផងដែរ”។ សេចក្តីប្រកាសនេះ កើតឡើងខណៈលោក បៃដិន ក៏ចង្អុលបង្ហាញផងដែរថា រថក្រោះ Abrams ជើងដំបូងបង្អស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នឹងទៅដល់ដៃអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីសហរដ្ឋអាមេរិក បានសន្យាបញ្ជូនរថក្រោះប្រភេទនេះចំនួន ៣១ គ្រឿងទៅឲ្យអ៊ុយក្រែន។ ហើយការប្រកាសនេះ ក៏ធ្វើឡើងផងដែរ បន្ទាប់ពីលោក បៃដិន ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនវ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅសេតវិមានសម្រាប់កិច្ចពិភាក្សាទ្វេភាគី៕