(អាមេនី-អាស៊ែបៃហ្សង់)៖ កងកម្លាំងនៃក្រុមផ្តាច់ខ្លួនអាមេនី នៅក្នុងតំបន់ណាហ្គូណុ-ខារ៉ាបាក់ (Nagorno-Karabakh) ដែលបំបែកខ្លួនចេញពីប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) បានលើកទង់សចុះចាញ់ និងយល់ព្រមលើបទឈប់បាញ់មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយការឯកភាពនេះ បានធ្វើឡើងនៅក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីរដ្ឋធានីបាគូ (Baku) របស់អាស៊ែបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការវាយលុក ដើម្បីស្ដារស្ថានការណ៍គ្រប់គ្រងពេញលេញនៅក្នុងទឹកដីរបស់ខ្លួនឡើងវិញ ។
កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ មានប្រសិទ្ធិភាពចាប់តាំងពីរសៀលថ្ងៃពុធ ដោយកងកម្លាំងផ្តាច់ខ្លួនបានយល់ព្រមរំសាយ និងទម្លាក់អាវុធ ហើយកិច្ចពិភាក្សាអំពីការរស់នៅរបស់ជនជាតិអាមេនីក្នុងតំបន់នេះសម្រាប់ពេលអនាគត នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ។ ក្រោយទទួលបានលទ្ធផល អាស៊ែបៃហ្សង់នឹងធ្វើសមាហរណកម្មទៅលើជនជាតិអាមេនីប្រមាណ១២ម៉ឺននាក់ ដើម្បីគ្រប់គ្រងពួកគេទាំងស្រុង ដោយធ្វើឱ្យជនជាតិអាមេនីមួយចំនួនបង្ហាញក្តីកង្វល់ចំពោះតំបន់ភ្នំ ដែលជាចំណុចកណ្តាលនៃសង្គ្រាមចំនួនពីរលើក ចាប់តាំងពីការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ។
ទោះជាបែបណាក្តី គេក៏មិនច្បាស់ទេថា តើជនជាតិអាមេនីប៉ុន្មាននាក់នឹងជ្រើសរើសស្នាក់នៅតំបន់ខារ៉ាបាក់ ឬថាតើនឹងមានការចាកចេញរបស់ប្រជាជនក្នុងចំនួនដ៏ច្រើនទៅកាន់ប្រទេសអាមេនី ។ ដំណាលគ្នានេះ ក្រុមបំបែកខ្លួនដែលបង្កើត “សាធារណរដ្ឋអាតសាក់” (Republic of Artsakh) ដោយខ្លួនឯង បាននិយាយថា ពួកគេស្ថិតនៅក្រោមការបង្ខិតបង្ខំឱ្យយល់ព្រមតាមលក្ខខណ្ឌរបស់អាស៊ែបៃហ្សង់ និងតាមរយៈកងរក្សាសន្តិភាពរុស្ស៊ី បន្ទាប់ពីកងទ័ពរបស់ទីក្រុងបាគូបានដណ្តើមយកទីតាំងយុទ្ធសាស្ត្រមួយចំនួន។
ដោយឡែក ទោះជាមានការលើកឡើងពីអាស៊ែបៃហ្សង់ ថាប្រទេសអាមេនី បានចូលរួមជាមួយកងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់ខារ៉ាបាក់បែបណាក្តី ក៏អាមេនី បានបដិសេធថា ខ្លួនមិនបានចូលរួមធ្វើអន្តរាគមន៍ផ្នែកយោធាណាមួយឡើយ និងបានចោទប្រកាន់ទីក្រុងបាគូថា ព្យាយាមបោសសម្អាតជនជាតិភាគតិចចេញពីតំបន់ ខារ៉ាបាក់ ហើយនេះជាអ្វីដែលអាស៊ែបៃហ្សង់បានច្រានចោល ។ គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់ប្រទេសអាស៊ែបៃហ្សង់ បានឆក់យកអាយុជីវិតមនុស្សរាប់សិបនាក់ និងបណ្តាលឱ្យមនុស្សរាប់រយនាក់ទៀតរងរបួស ដោយទង្វើនេះ បានធ្វើឱ្យអាស៊ែបៃហ្សង់ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ៕