(កីឡា)៖ ក្រុមបិសាចក្រហម Manchester United មិនអាចរកពិន្ទុបានឡើយនៅទឹកដីជើងឯកអាល្លឺម៉ង់ Bayern Munich ក្រោយរងបរាជ័យប្រកៀកប្រកិត ៤-៣ នៅកីឡដ្ឋាន Allianz Arena។ Leroy Sane និង Serge Gnabry រកបានម្នាក់មួយគ្រាប់នាំមុខឱ្យ Bayern Munich ២-០ ក្នុងវគ្គទី ១ មុនពេលដែលខ្សែប្រយុទ្ធដាណឺម៉ាក Rasmus Hojlund រកបានគ្រាប់ដំបូងឱ្យ Manchester United តាមពីក្រោយ ១-២។តែបានត្រឹម ៤ នាទីប៉ុណ្ណោះ កំហុសបាល់ប៉ះដៃ Christian Eriksen នៅក្នុងប្រអប់ឆែកដោយ VAR អាជ្ញាកណ្តាលផ្តល់ពិន័យ ១១ ម៉ែត្រឱ្យ Bayern Munich ស៊ុតសំរេចដោយខ្សែប្រយុទ្ធអង់គ្លេសធ្លាប់ជាគោលដៅរបស់ Man United, Harry Kane។ខ្វះពីរនាទីទៀតចប់ខ្សែបម្រើប្រេស៊ីល Casemiro តាមបានមួយគ្រាប់វិញនៅនាទីទី ៨៨ តែក្នុងម៉ោងបន្ថែមបង្គ្រប់ ពីរគ្រាប់កើតឡើងដោយកីឡាករបម្រុង Mathys Tel និង Casemiro គ្រាប់ទីពីររបស់ខ្លួនធ្វើឱ្យការប្រកួតបញ្ចប់ដោយ Bayern Munich យកឈ្នះ ៤-៣ លើ Manchester United។ នៅក្នុងពូល A នេះដែរ Galatasaray និង Copenhagen ស្មើគ្នា ២-២។
ងាកមកពូល B ក្រុមកាំភ្លើងធំ Arsenal បង្ហាញខ្លួនលើកដំបូងនៅ UEFA Champions League ក្នុងរយៈពេល ៦ ឆ្នាំ ខណៈការវិលត្រលប់របស់ខ្លួនគឺយកជាមួយនឹងភាពជោគជ័យក្រោយយកឈ្នះក្រុមភ្ញៀងហូឡង់ PSV Eindhoven ៤-០។៤ គ្រាប់នេះសំរេចដោយកីឡាករ ៤ នាក់ផ្សេងគ្នារួមមាន Bukayo Saka, Leandro Trossard, Gabriel Jesus និង Martin Odegaard។ក្នុងពូលនេះដែរ Sevilla ទទួលស្វាគមន៍ក្រុមភ្ញៀវបារាំង RC Lens បញ្ចប់ទៅដោយស្មើគ្នា ១-១។
ចំណែកឯក្រុមជើងឯក ១៤ សម័យ Real Madrid យកឈ្នះក្រុមបង្ហាញខ្លួនលើកដំបូងមកពីអាល្លឺម៉ង់ Union Berlin ទាំងលំបាក ពោលគឺត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួត ៩០+៤ ទើបខ្សែបម្រើអង់គ្លេស Jude Bellingham ស៊ុតបញ្ចូលទីបានសំរេច ខណៈដែល Napoli យកឈ្នះនៅទឹកដី Braga បាន ៣ ពិន្ទុក្នុងពូល C ផងដែរ។ពូល D ក្រុមជើងឯករង Inter Milan ក៏ត្រូវការគ្រាប់បាល់ចុងម៉ោងដែរដើមយកបាន ១ ពិន្ទុពីទឹកដី Real Sociedad បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខតាំងពីនាទីទី ៤ ដោយ Brais Mendez តែខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez តាមស្មើនៅនាទីទី ៨៧។ ក្នុងពូលនេះដែរ RB Salzburg យកឈ្នះនៅទឹកដី Benfica ២-០៕