(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជន គឺគិតគូរពីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបង ក្នុងនោះរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាមិនសន្យាជាមួយប្រជាជនថាធ្វើបែបនេះ ឬបែបនោះទេ ដូចបុគ្គលមួយចំនួនទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់អត្ថប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ និងនៅរួមរស់ជាមួយប្រជាពលរដ្ឋជានិច្ច។
សូមជម្រាបថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ ត្រូវបានអង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយនៅថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចប្រសិនបើភាគីសហជីព និងភាគីនិយោជកនៅតែប្រកាន់គោលជំហរតួលេខរៀងៗខ្លួនដដែល។ ខណៈក្នុងកិច្ចប្រជុំ ភាគីរដ្ឋាភិបាល បានបង្ហាញតួលេខចំនួន ២០២ដុល្លារ, ភាគីសហជីពបានកំណត់តួលេខចំនួន២ផ្សេងគ្នាចំនួន ២០៤ ដុល្លារ និង ២១៣ ដុល្លារ ហើយភាគីនិយោជកកំណត់ ២០១,៥ដុល្លារ៕