(កីឡាអន្តរជាតិ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League បានចាប់ផ្តើមដំណើរការហើយនៅយប់ថ្ងៃចន្ទម្សិលមិញ ដែលជាការប្រកួតនៅតំបន់អាស៊ីខាងលិច។ ក្រុមជើងឯករងរដូវកាលមុនអារ៉ាប៊ីសាអ៊ូឌីត Al-Hilal បើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវមកពីអ៊ូសប៊ែគីស្ថាន Navbahor តែមិនអាចរកបានបីពិន្ទុក្នុងផ្ទះរបស់ខ្លួនឡើយ។
Toma Tabatadze ជាអ្នកបើកការនាំមុខឱ្យក្រុមភ្ញៀវ Navbahor នៅដើមវគ្គទី ២ បន្ទាប់ពីវគ្គទី ១ ឱកាសជាច្រើនរបស់ Al-Hilal មិនបានសំរេច។រៀបនឹងចប់ការប្រកួតទៅហើយ ៣ ពិន្ទុគួរតែបានសម្រាប់ Navbahor តែម៉ោងបន្ថែមបង្គ្រប់ដល់ទៅ ១៤ នាទី ក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញបានសំរេចដោយការតែតបញ្ចូលទីរបស់ Ali Al Bulayhi។នៅក្នុងពូល D នេះដែរក្រុមភ្ញៀវអ៊ីរ៉ង់ FC Nassaji Mazandaran ឈ្នះនៅទឹកដីឥណ្ឌា Mumbai City FC ២-0។
ងាកមកការប្រកួតនៅក្នុងពូល C វិញ ក្រុមចំណាយលុយច្រើនជើងឯក ២ សម័យ Al-Ittihad មិនភ្លាត់បីពិន្ទុក្នុងដីរបស់ខ្លួនឡើយ ក្រោយយកឈ្នះក្រុមភ្ញៀវអ៊ូសប៊ែគីស្ថាន FC AGMK ៣-០។ ពីរគ្រាប់ក្នុង ៤ នាទីដំបូងបានកើតឡើង Haroune Camara នៅនាទីទី ១១ និង Romarinho នាទីទី ១៥ ធ្វើឱ្យក្រុមភ្ញៀវបាត់បង់ស្មារតីទៅហើយ មុនពេលដែល Al-Ittihad បន្ថែមមួយគ្រាប់ទៀតចុងវគ្គទី ១ ដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Romarinho ដដែល។Al-Ittihad ជាក្លិបតែមួយគត់ដែលធ្លាប់ឈ្នះជើងឯក AFC Champions League ពីររដូវកាលជាប់គ្នា ចាប់តាំងពីពានរង្វាន់នេះរៀបចំឡើងដំបូងនៅឆ្នាំ ២០០២។ នេះជាការបង្ហាញខ្លួនលើកដំបូងដែរសម្រាប់ Al-Ittihad ក្រោយអវត្តមានតាំងពីឆ្នាំ ២០១៥៕