(កូរ៉េខាងជើង)៖ អំឡុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី មុនដំណើរវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានទៅចូលរួមទស្សនាព្រឹត្តិការណ៍តាំងពិព័រណ៍យោធា នៅឯទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការបង្ហាញនៅក្នុងខ្សែវីដេអូបង្ហោះនៅលើបណ្តាញសារអេឡិចត្រូនិក Telegram ដោយអភិបាលតំបន់ព្រីម៉ូស្គី (Primorsky) លោក អូឡិក ខូសាមីយ៉ាកូ (Oleg Kozhemyako) ។
នៅក្នុងខ្សែវីដេអូនោះ គេបានឃើញទិដ្ឋភាព លោកគីម ធ្វើដំណើរជុំវិញទីតាំងនៃព្រឹត្តិការណ៍តាំងពិព័រណ៍ រួមមានទាំងការទស្សនាយន្តហោះដ្រូនគ្មានមនុស្សបើកផលិតក្នុងតំបន់ ដែលផលិតដោយក្រុមហ៊ុនមួយរបស់លោក ខូសាមីយ៉ាកូ ។ បន្ថែមពីនេះ លោកខូសាមីយ៉ាកូ ក៏បានបង្ហាញនូវប្រភេទអាវក្រោះការពារគ្រាប់កាំភ្លើង ក៏ដូចជា យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿងទៅកាន់លោកគីម នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី ។ នៅក្នុងខ្សែវីដេអូបង្ហោះដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី កាលពីថ្ងៃអាទិត្យដដែលនេះ បានបង្ហាញអំពីដំណើរវិលត្រឡប់របស់លោកគីម ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ ដោយជិះរថភ្លើងចាកចេញពីស្ថានីយ៍រថភ្លើងនៅក្នុងទីក្រុងអាតធីយ៉ូម (Artyom) ភាគខាងកើតប្រទេសរុស្ស៊ី ។ជុំវិញដំណើរវិលត្រឡប់របស់ប្រមុខមេដឹកនាំកូរ៉េខាងជើង ក៏មានមន្ត្រីរុស្ស៊ីមួយចំនួនបានជូនដំណើរលោកគីម នៅឯស្ថានីយ៍រថភ្លើងផងដែរ ក្នុងនោះ រួមមាន ឯកអគ្គរដ្ឋទូតទីក្រុងមូស្គូប្រចាំនៅកូរ៉េខាងជើង លោក អេឡិចសិនឌើ ម៉ាត់សេហ្គូរ៉ា (Alexander Matsegora) និងអភិបាលតំបន់ព្រីម៉ូស្គី លោកអូឡិក ខូសាមីយ៉ាកូ (Oleg Kozhemyako) ជាដើម នេះបើយោងតាមវីដេអូបង្ហោះនៅលើបណ្តាញសារអេឡិចត្រូនិក Telegram ដោយរដ្ឋមន្ត្រីធនធានធម្មជាតិរុស្ស៊ី លោក អាឡិចសិនឌើ ខូស្លូ (Alexander Kozlov) ។
តាមរយៈវីដេអូដដែលនេះ ក៏បានបង្ហាញថា ក្រុមយោធារបស់រុស្ស៊ី បានបង្ហាញការជូនដំណើរ និងគោរពលាគ្នាទៅកាន់មេដឹកនាំកូរ៉េខាងជើង នៅក្នុងដំណើរនៅលើកំរាលព្រំក្រហមចូលទៅក្នុងរថភ្លើង ស្ថិតនៅឯស្ថានីយ៍ក្នុងទីក្រុងអាធីយ៉ូម ភាគបូព៌ា ប្រទេសរុស្សី ដើម្បីបន្តដំណើរក្នុងរយៈចម្ងាយ ២០០ គីឡូម៉ែត្រ ទៅកាន់តំបន់ខាសាន (Khasan) ព្រំដែនរុស្ស៊ីជាមួយកូរ៉េខាងជើង ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានធ្វើសេចក្តីរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកគីមជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី គឺជាថ្ងៃល្អចំពោះមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជុំវិញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ៕