(កូរ៉េខាងត្បូង)៖ ក្រុមគ្រូបង្រៀន និងបុគ្គលិកសាលារៀន នៅឯប្រទេសកូរ៉េខាងត្បូងរាប់ពាន់នាក់ បានមកជួបជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល កាលពីចុងសប្តាហ៍ ដើម្បីស្នើឱ្យមានការការពារផ្នែកច្បាប់បន្ថែមទៀតចំពោះសកម្មភាពបំពានពីអាណាព្យាបាលសិស្ស ដោយបញ្ហានេះ បានកើនឡើងនៅក្នុងបរិយាកាសសាលារៀននៅប្រទេសកូរ៉េខាងត្បូង ។ មន្ត្រីនគរបាល ក៏បានរាយការណ៍ងដែរថា បាតុករមកចូលរួមនៅក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍មានរហូតដល់ ២០,០០០ នាក់ ។
បាតុកម្មកាលពីចុងសប្តាហ៍នេះ បានធ្វើឡើងបន្ទាប់ពីអ្នកគ្រូបង្រៀនម្នាក់បានស្លាប់នៅឯសាលាបឋមសិក្សា កាលពីខែកក្កដា ក្រោយសេចក្តីរាយការណ៍នៅក្នុងរបាយការណ៍បានបង្ហាញអំពីបញ្ហាផ្លូវចិត្តរបស់អ្នកគ្រូរងគ្រោះដែលបណ្តាលមកពីពាក្យសំដីប៉ះពាល់ផ្លូវអារម្មណ៍ដោយអាណាព្យាបាលរបស់សិស្ស ។ នៅក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ មានរបាយការណ៍ពីអាណាព្យាបាលសិស្សជាច្រើន ដោយចោទប្រកាន់ទៅលើគ្រូបង្រៀនរហូតដល់ ៩០០០ នាក់លើបញ្ហាដដែលនេះ ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រុមគ្រូបង្រៀនបាននាំគ្នាចេញមកតវ៉ា ដោយលើកឡើងថា ច្បាប់បច្ចុប្បន្នពិបាកនៅក្នុងការគ្រប់គ្រងថ្នាក់រៀន និងអាចឱ្យឪពុកម្តាយសិស្សអាចចោទប្រកាន់គ្រូបង្រៀនបានយ៉ាងងាយអំពីការរំលោភបំពានផ្លូវចិត្តកុមារ ។ គ្រូបង្រៀន និងបុគ្គលិកសាលា នាំគ្នាស្រែក និងកាន់ពាក្យស្លោកដែលសរសេរថា សូម “ផ្តល់អភ័យឯកសិទ្ធិដល់គ្រូបង្រៀន ដើម្បីការពារខ្លួនពីការចោទប្រកាន់ចំពោះការរំលោភបំពានបញ្ហាផ្លូវចិត្តកុមារ” ដោយសង្ឃឹមថា នឹងមានការការពារសិទ្ធិគ្រូបង្រៀន និងផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនក្នុងការផ្តល់ការអប់រំដ៏ល្អ ។ ដំណាលគ្នានេះ សមាជិកសភាកូរ៉េខាងត្បូងកំពុងពិភាក្សាលើសំណើនេះ ស្របពេលអ្នកជំនាញបានបង្ហាញក្តីព្រួយបារម្ភថា សំណើនេះអាចធ្វើឱ្យការការពារកុមារកាន់តែធ្លាក់ចុះ ក្រោយចំណាយពេលរាប់ឆ្នាំដើម្បីបង្កើតច្បាប់ ។ បើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ និងសេវាធានារ៉ាប់រងសុខភាពជាតិ បានបង្ហាញថា នៅចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ មានតួលេខសិស្សធ្វើអត្តឃាតរហូតដល់ ៨២០ នាក់ រួមបញ្ចូលទាំងនៅសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ ៕