(កីឡា)៖ កំពូលកីឡាករស្នូកឃ៍រអង់គ្លេស Ronnie O’Sullivan នៅតែជាជើងឯកការប្រកួតពានរង្វាន់ Shanghai Masters ៤ ឆ្នាំជាប់គ្នា បន្ទាប់ពីជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅវគ្គផ្តាច់ព្រ័ត្រ ១១-៩ ហ្វ្រេម។
O’Sullivan ត្រូវបាន Brecel នាំមុខ ៤-៣ ហ្វ្រេមត្រឹមពាក់កណ្តាលផ្លូវ មុនពេលដែលចាប់ផ្តើមដំណាក់កាលទី២ យកឈ្នះ ៣ ហ្វ្រេមផ្ទួនដើម្បីយកឈ្នះជើងឯកពិភពលោក Luca Brecel។ គិតមកដល់ពេលនេះ ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan ឈ្នះការប្រកួតសរុប ១៨ ប្រកួតជាប់គ្នាហើយនៅទីក្រុងសៀងហៃប្រទេសចិននេះ។ នេះជាការប្រកួតស្នូកឃ័រនៅលើទឹកដីចិនលើកដំបូងផងដែរ តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីអាក់ខានដោយសារវិបត្តិកូវីដ-១៩។ ជាជ័យជំនះពាន Shanghai Masters ៤ ឆ្នាំជាប់គ្នាតែជាជើងឯកលើកទី ៥ បន្ទាប់ពីឈ្នះលើកដំបូងនៅឆ្នាំ២០០៩ ក្រោយមកឈ្នះជាប់គ្នាពីឆ្នាំ ២០១៧, ២០១៨, ២០១៩ និង ២០២៣ នេះ។ ក្រោយការប្រកួតចប់ O’Sullivan បានឱ្យដឹងថា ពានរង្វាន់ Shanghai Masters លោកនឹងមកយកទៅតាមខ្លួនឡើយ ដោយនឹងប្រគល់ជូនមិត្តភក្តិម្នាក់ដែលបង្កើតក្លិបស្នូកឃ័រនៅទីក្រុងសៀងហៃនេះ៕