(កូរ៉េខាងជើង)៖ ក្រុមអ្នកជំនាញតាមដានសង្រ្គាមនិយាយថា លោកពូទីន បារម្ភថាកិច្ចព្រមព្រៀងអាវុធជាមួយលោក គីម ជុងអ៊ុន អាចគំរាមកំហែងដល់ផែនការវាយលុករបស់លោកដែលរួមរឹតដោយទណ្ឌកម្មរួចទៅហើយ។ ប៉ុន្តែលោកនៅមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនៅឡើយទោះនៅពេលបច្ចុប្បន្ននេះក៏ដោយ។ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសរុស្ស៊ីបានប្រសើរឡើងក្នុងការគេចចេញពីការដាក់ទណ្ឌកម្មជាមួយនឹងផ្លូវពាណិជ្ជកម្ម និងច្រកថ្មី។
ក្រុមអ្នកជំនាញបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) មានការព្រួយបារម្ភថា កិច្ចព្រមព្រៀងសព្វាវុធជាមួយកូរ៉េខាងជើង អាចធ្វើឲ្យគម្រោងគេចពីទណ្ឌកម្មរបស់រុស្ស៊ី ស្ថិតក្នុងគ្រោះថ្នាក់។យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) លោក ពូទីន ទំនងជាកំពុងព្យាយាមទម្លាក់ជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងវ្លាឌីវ៉ូស្តុក(Vladivostok)ថាជា “អព្យាក្រឹត” ដោយសារតែការភ័យខ្លាចថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចកើតមានអាចបង្កឱ្យមានរលកថ្មីនៃទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច។
ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន The New York Times កាលពីសប្តាហ៍មុន លោក ពូទីន បានជួបសមភាគីកូរ៉េខាងជើង ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីស្វែងរកកិច្ចព្រមព្រៀងអាវុធជាមួយកូរ៉េខាងជើង ដោយសារកងទ័ពរុស្ស៊ីអស់គ្រាប់រំសេវ និងឧបករណ៍ផ្សេងៗទៀតហើយក្នុងជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីក្រុមប្រឹក្សាអាត្លង់ទិកបានកត់សម្គាល់ថា រុស្ស៊ីកាន់តែមានភាពល្អប្រសើរក្នុងការគេចចេញពីការដាក់ទណ្ឌកម្ម តាមរយៈគម្រោងយ៉ាងល្អិតល្អន់ ដែលអនុញ្ញាតឱ្យខ្លួននាំចូលបច្ចេកវិទ្យាមួយចំនួនដែលផលិតដោយសហរដ្ឋអាមេរិកដើម្បីធ្វើអាវុធ៕