(ភ្នំពេញ)៖ ក្រុមហ៊ុន SINOMACH Heavy Equipment Group បានសំដែងនូវការពេញចិត្តចំពោះការវិនិយោគ ច្រើនគម្រោងនៅកម្ពុជា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន បានធ្វើការពង្រីក ទុនវិនិយោគនៅកម្ពុជា ឡើងដល់ជាង៣ពាន់លាន ដុល្លារ។
លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុម ហ៊ុន SINOMACH Heavy Equipment Group បានបញ្ជាក់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំងថា ក្រុមហ៊ុន SINOMACH Heavy Equipment Group បានចាប់ផ្តើមវិនិយោគនៅកម្ពុជាពីឆ្នាំ ២០០៧ មក។ បច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក។ លោកបញ្ជាក់ថា ដោយមានការគាំទ្រ និងកិច្ចសម្រប សម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានរីកលូត លាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី។
ជាកិច្ចឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុម ហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់។ សម្តេចធិបតី បានគូសបង្ហាញជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕