លោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងការបើកការផ្សព្វផ្សាយស្តីពី យុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ខេត្តប៉ៃលិន ដែលរៀបចំដោយមន្ទីរផែនការខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ដែលពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះដែរ លោក សុខ ពិសី អភិបាលរងខេត្តបានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញ ទំហឹងក្នុងការសំភាសន៍ផ្តល់ប័ណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តី ដែលបម្រើការនៅតាមហាង រង្គសាល ឌីស្កូតែក KTV កន្លែងម៉ាស្សា ដែលធ្វើការទទួលប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្សនោះឡើយ ។ លោកអភិបាលរងខេត្តក៏បានថ្លែងបន្តថា៖ ដើម្បីឱ្យដំណើរការផ្សព្វផ្សាយការ សំភាសន៍ផ្តល់បណ្ណសមធម៌ជូនដល់បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព្រឹត្ដិទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំបញ្ជីសម្រង់បុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ ដែលមានការលំបាកផ្នែកជីវភាពនៅតាមភូមិនីមួយៗ ហើយអ្នកដែលបញ្ចូលក្នុងបញ្ជីបានលុះត្រាតែអ្នកទាំងនោះបានស្នាក់នៅ ក្នុងភូមិយ៉ាងតិចរយៈពេល៣ខែ និងត្រូវមានឯកសារពាក់ព័ន្ធ មានដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឫឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ផងដែរ។
លោកអភិបាលរងខេត្ត បានណែនំា និងផ្តល់អនុសាសន៍ឲ្យគ្រប់សមាសភាពអ្នកពាក់ព័ន្ធជាពិសេសមន្ទីរផែនការខេត្តត្រូវអនុវត្តការងារ ដោយយកចិត្តទុកដាក់ក្នុងដំណើរការការងារនេះហើយធ្វើយ៉ាងណាជំរុញការអនុវត្តន៍និតិវិធីឱ្យត្រឹមត្រូវនិងច្បាស់លាស់។ ហើយម្យ៉ាងវិញទៀតក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអភិវឌ្ឍន៏លើគ្រប់វិស័យ និងសុខសន្តិភាពគ្រប់ពេលវេលាទាំងអស់។ លោក សុខ ពិសី អភិបាលរងខេត្ត បានសង្កត់ធ្ងន់ដែរថា៖ ទាំងនេះជាការគិតគូរខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនឲ្យប្រជាជនកម្ពុជាគ្រប់រូប រងទុក្ខលំបាកដោយគ្មានការថែទាំ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះទេ។
ជាមួយគ្នានោះ លោក សយ សារុន ប្រធានមន្ទីរស្តីទីនៃមន្ទីរផែនការខេត្តបានថ្លែងថា៖ ចំពោះយុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាពនេះ គឺគោលបំណង ផ្តល់ឱកាសជូនបុគ្គលបម្រើការក្នុងសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបាននូវការគាំពារ ផ្នែកថែទាំសុខភាព ដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ “ មិនបោះបង់ពលរដ្ឋណាម្នាក់” ឡើយ ។ ហើយសម្រាប់ខេត្តប៉ៃលិនគឺបានធ្វើឡើងនៅគោលដៅពីរសំខាន់ៗរួមមាន៖ ១.នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ សម្ភាសន៍រួចរាល់បាន ៧៩នាក់។ ២.សម្រាប់ក្រុងប៉ៃលិន ធ្វើឡើងនៅមន្ទីរផែនខេត្តដែលមានរយះពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ខែកញ្ញា ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលគ្រោងទុកអ្នកសម្ភាសន៍ទទួលបានប័ណ្ណសមធម៌ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ប្រមាណជិតចំនួន ១០០នាក់ផងដែរ៕