(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដែលមានកូរ៉ុមសមាជិកសមាជិកា រដ្ឋសភាចូលរួមប្រជុំ ចំនួន១១០រូប។ របៀបវារៈមានចំនួន២រួមមាន៖ សេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ដោយឡែកសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភា លើកមកពិភាក្សា និងអនុម័តមានចំនួន ១០មាត្រា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំសហការីចូលរួមការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។ សេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ បានពិភាក្សានិងអនុម័តចំនួន១១៤សំឡេង។
យោងតាមសេចក្តីថ្លែងហេតុ សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើជូនរដ្ឋសភា បានបង្ហាញពីភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័យទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា និងសាវតារលើវិស័យអធិការកិច្ច ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្ដកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។
សូមបញ្ជាក់ថា៖ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរដ្ឋសភានីតិកាលទី២បង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ដោយបានបញ្ចូលស្ថាប័នពីរគឺ អគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភា។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលយល់ឃើញថា វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គមនិងការអភិវឌ្ឍជាតិហើយ ត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្ម ឱ្យដឹកនាំនិងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វិស័យអធិការកិច្ច ក្រសួងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងពង្រឹង អភិបាលកិច្ច ដោយបានចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម ដើម្បីធានានូវវប្បធម៌ សុចរិតភាព តម្លាភាព គណ នេយ្យភាព មនសិការវិជ្ជាជីវៈ និងពង្រឹងវិន័យការងារ។ វិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមានភារកិច្ចត្រឹមតែចូលរួមស្ដាប់សម័យប្រជុំពេញអង្គនានារបស់រដ្ឋសភា ព្រឹទ្ធសភា ចំណែកភារកិច្ចផ្សេង ទៀត ត្រូវបានរាជរដ្ឋាភិបាល កែសម្រួលប្រគល់ជូនស្ថាប័ននានា តាមភាពចាំបាច់ ដើម្បីប្រមូលផ្ដុំភារកិច្ចតាមវិស័យនីមួយៗរបស់ស្ថាប័ន ឱ្យមានភាពរលូន ប្រទាក់ក្រឡា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត៕