(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣។សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ លោក-លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា។
នៅក្នុងទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែងការគួរសមដោយឡែកពីគ្នាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន ផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី ២០ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ស្របពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕